ខេត្តកំពង់ធំ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យនាយកដ្ឋានពូជដំណាំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងជាពិសេសដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រ ជួយសហការអនុវត្ត ប្រព័ន្ធធានាគុណភាពពូជដំណាំ នេះឱ្យទទួលបានជោគជ័យ សំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្កើនភាពជឿទុកចិត្ត និងបន្តគាំទ្រ។ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃពុធទី១១ ខែឧសភា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រី វេង សុខុន បានថ្លែងដូចនេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) (Quality Declared Seed-QDS) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី ” កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC ” នៅសហគមន៍ត្រពាំងឬស្សី ស្ថិតនៅ ភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកមិញនេះ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ងួន រតន: អភិបាលខេត្តកំពង់ធំ លោកស្រី Amber Cernobs លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Miyahary AI តំណាងអង្គការ JICA ប្រធានសហគមន៍កសិកម្មទាំង ១០ តំណាងឲ្យខេត្តទាំង ៨ និងប្រតិភូជាច្រើនរូបផ្សេងទៀត ។
ជាមួយគ្នានោះដែរ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអានរបាយការណ៍សង្ខេបជូនអង្គពិធីអំពីភូមិសាស្រ្តរបស់រដ្ឋបាលខេត្ត ការងារសេដ្ឋកិច្ចសង្គម និងការបង្កបង្កើនផល ជាដើម។ល។
បន្ទាប់មកលោកស្រីតំណាង អង្គការ JICA និងស្ថានទូតអូស្រ្តាលីបានធ្វើចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងកម្មវិធីនាព្រឹកនេះ ហើយពួកគាត់សង្ឃឹមថា ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាពគ្រប់ពូជស្រូវ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវទាំងបរិមាណ និងគុណភាព មានការប្រកួតប្រជែង ឆ្លើយ តបតាមតម្រូវការទីផ្សារ និងជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់សមាជិកសហគមន៍តាមរយ:ការផលិត និងលក់ចែកចាយគ្រាប់ពូជស្រូវមានគុណភាពជូនកសិករនាពេលអនាគត។
នៅចំពោះមុខអង្គពិធីលោក វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏មានតម្លៃដែលតួអង្គពាក់ព័ន្ធ បានសហការគ្នារៀបចំពិធីដ៏មានសារសំខាន់នេះឡើងប្រកបដោយផ្លែផ្កា។ លោករដ្ឋមន្ត្រីបន្តថា សមិទ្ធផលដែលយើងសម្រេចបានខាងលើ ពិតជាបានឆ្លើយតប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យកសិកម្ម គឺការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើសាកលលោក ជាពិសេសការធានាចីរភាពកំណើនសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ កាត់បន្ថយចំណាកស្រុក និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង ចីរភាព និង បរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹង “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា” នាឆ្នាំ២០៣០ ៕
ដោយ៖សហការី