ព័ត៌មានទាន់ហេតុការណ៍៖

កូនកាត់ខ្មែរ-រុស្ស៊ី ឌៀប សូហ្វីរ៉ា ហៅប្រណម លេចមុខក្នុងការប្រកួតសម្រស់បវរកញ្ញាយុវតីវ័យក្មេង Miss Preteen International

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ថ្មីគឺកម្មវិធីបវរកញ្ញាយុវតីវ័យក្មេងកម្ពុជា ឬ Miss Preteen International Cambodia 2022 បានប្រកាសចាប់ផ្តើមប្រកួតជាផ្លូវការហើយៗអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ផងដែរនោះគឺតារាសម្តែងនិងបង្ហាញម៉ូដកូនកាត់ខ្មែរ-រុស្សីយុវតីសូហ្វីរ៉ា ហៅប្រណម ក៏បានលេចមុខក្នុងការប្រកួតសម្រស់មួយនេះផងដែរ។ 

    ឆាកប្រកួតទ្រង់ទ្រាយធំលើកដំបូងសម្រាប់ក្មេងស្រីស្រស់សោភា និងពោរពេញដោយភាពទាក់ទាញនេះនឹងអាចជាស្ពានសម្រាប់នាងឈានទៅដល់ការចាប់ផ្តើមបំពេញក្តីស្រមៃក្នុងការចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកណាមួយដូចដែលនាងធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកន្លងមក ខណៈដែលរូបសម្រស់ សមត្ថភាព ចំណេះដឹង និងសិល្បៈ អត្តចរិតដែលជាទុនសំខាន់សម្រាប់កម្មវិធីប្រកួតគឺនាងមានរួចជាស្រេច ។ ទស្សនិកជនជាច្រើនពិតជាធ្លាប់បានស្គាល់ពីសមត្ថភាពសិល្បៈ និងសម្រស់ក្មេងស្រីវ័យ១២ឆ្នាំ ឌៀប សូហ្វីរ៉ា ហៅប្រណម ។ ថ្មីៗនេះនាងបានបង្កើតឱ្យមានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រទៀតហើយ បន្ទាប់ពីកុមារីកូនកាត់ខ្មែរ-រុស្សី រូបនេះលេចមុខក្នុងកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំមួយសម្រាប់ក្មេងស្រីដែលមានឈ្មោះថាបវរកញ្ញាយុវតីវ័យក្មេង Miss Preteen International។ នាងត្រូវបានគេដឹងដែរថា នាងមានកម្ពស់១,៦៤ម៉ែត្រ និងជាសិស្សសិក្សានៅសាលាឯកជនមួយ និងជាសិស្សសាលាមធ្យមវិចិត្រសិល្បៈផ្នែករបាំបុរាណផងដែរ។ មុននេះនាងធ្លាប់បានចូលរួមប្រឡងក្នុងអាជីពជាអ្នកបង្ហាញម៉ូដ និងសម្តែង ដែលគេដឹងថានាងមានទាំងសមត្ថភាព រូបសម្រស់យ៉ាងស្រស់សោភា ។ ការបង្ហាញខ្លួនក្នុងចំណោមបេក្ខភាពប្រមាណជិត២០នាក់នេះត្រូវបានគេរំពឹងថានឹងអាចសាងភាពលេចធ្លោក្នុងការប្រកួត ព្រោះតែអត្តចរិតបុគ្គលិកលក្ខណៈ និងស្នាមញញឹមស្រស់ស្រទន់របស់នាងដែលអាចទាក់ចិត្តទស្សនិកជនកន្លងទៅមិនតិចនោះទេ។ 

    កាន់តែធ្វើឱ្យគេចាប់អារម្មណ៍ទៅលើនាងនិងកម្មវិធីខាងលើគឺក្រោយពីកម្មវិធីនេះត្រូវបានគេស្គាល់ថាស្ថិតក្រោមការរៀបចំនិងបង្ហាត់បង្ហាញដោយគ្រូជំនាញផ្នែកបង្ហាញម៉ូដដ៏ល្បីរបស់កម្ពុជាគឺលោក Oliva Kong ដែលលោកបានបញ្ជាក់មុននេះយ៉ាងច្បាស់ថា ព្រឹត្តិការណ៍ប្រកួតបវរកញ្ញាយុវតីវ័យក្មេងតំណាងឱ្យប្រទេសកម្ពុជានេះ គឺដើម្បីឈានទៅចូលរួមការប្រកួតលើឆាកអន្តរជាតិដែលកម្មវិធីនេះមានទាំងការប្រកួតរូបសម្រស់ សមត្ថភាពសិល្បៈ និងចំណេះដឹង ។ លោកថា កម្មវិធីនេះនឹងជួយបណ្តុះបណ្តាលយុវតីវ័យក្មេងឱ្យមានសមត្ថភាពអាចចូលរួមប្រឡងកម្មវិធីបវរកញ្ញាលើឆាកអន្តរជាតិនៅថ្ងៃអនាគត៕ 

                           

ដោយ ៖ វឌ្ឍនា


ចែករំលែក៖