ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោជំរុញប្រព័ន្ធផ្សព្វផ្សាយអាមេរិកឱ្យមកមើលពីការណ៍ពិតនៅកម្ពុជា ជាជាងពិនិត្យតែលើប្រព័ន្ធផ្សព្វផ្សាយប្រឆាំងហើយវាយតម្លៃលើប្រទេសកម្ពុជាទាំងមូល

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ ក្នុងពេលទទួលជួបនិងពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) លោក ម៉ៃឃើល ភីទ្រុសហ្សិលឡូ (Michael Petruzzello) នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនដូចអ្វីដែលលើកឡើងនៅលើទំព័រសារព័ត៌មានប្រឆាំងនឹងកម្ពុជានោះទេ។ សម្តេចក៏បានជំរុញឱ្យ«ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកមកទស្សនកិច្ច និងសរសេរការណ៍ពិតរបស់កម្ពុជា»។

    សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការផ្សព្វផ្សាយការណ៍ពិតពីកម្ពុជាទៅកាន់ពិភពលោកឱ្យបានច្រើនជាជាងពិនិត្យតែលើប្រព័ន្ធផ្សព្វផ្សាយប្រឆាំងហើយវាយតម្លៃលើប្រទេសកម្ពុជាទាំងមូល។ សម្ដេចជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកធ្វើទស្សនកិច្ច និងសរសេរការណ៍ពិតរបស់កម្ពុជា។

    សម្តេចតេជោក៏បានលើកឡើងដែរថា មានស្ថាប័នអន្តរជាតិមួយចំនួនតែងតែយកការផ្សព្វផ្សាយព័ត៌មានជាមូលដ្ឋានក្នុងការវាយតម្លៃរបស់ខ្លួន ហើយនាំឱ្យការវាយតម្លៃមិនបានត្រឹមត្រូវ ព្រោះព័ត៌មានដែលគេយកជាមូលដ្ឋាននោះ ជាប្រភពផ្សព្វផ្សាយមិនបានឆ្លុះបញ្ចាំងពីការណ៍ពិតនៅកម្ពុជាទេ។

សម្តេចថា៖ «កម្ពុជាបានរងនូវអយុត្តិធម៌ច្រើនណាស់ កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាសចាកពីសភាពពិតនៅកម្ពុជា»។

    ក្រុមហ៊ុនទំនាក់ទំនងសាធារណៈរបស់អាមេរិក (PR Firm-Qorvis Communication) បានសន្យាជួយជំរុញដល់ការផ្សព្វផ្សាយឱ្យផ្សាយនូវអ្វីដែលជាការណ៍ពិតពីកម្ពុជា ជាពិសេសពាក់ព័ន្ធការអភិវឌ្ឍ និងភាពរីកចម្រើននៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជានាពេលបច្ចុប្បន្នមានវឌ្ឍនភាព រីកចម្រើន និងទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការអភិវឌ្ឍន៍ ហើយវាជារឿងសំខាន់ណាស់ចំពោះការងារផ្សព្វផ្សាយនូវអ្វីដែលជាតថភាពជាក់ស្តែងរបស់កម្ពុជា។

    តំណាងក្រុមហ៊ុនលោក ម៉ៃឃើល ភីទ្រុសហ្សិលឡូ បានលើកឡើងថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយតែមានការចង់ដឹងព័ត៌មាននានាពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ក្រុមការងាររបស់លោកធ្លាប់បានមកកាន់កម្ពុជាដោយផ្ទាល់ ហើយបានឃើញពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា។ ភាពរីកចម្រើននេះក៏ត្រូវបានបង្ហាញតាមរយៈបណ្តាញផ្សព្វផ្សាយផងដែរ ហើយកម្ពុជាគួរបន្តផ្សព្វផ្សាយឱ្យបានកាន់តែច្រើនថែមទៀតនូវការរីកចម្រើនរបស់ខ្លួន។

    លោកថា ដើម្បីជាការឆ្លើយតបទៅកាន់ពិភពលោកពីភាពពិតរបស់កម្ពុជា លោកចង់ឃើញកម្ពុជាបង្កើនការបណ្តុះបណ្តាលអ្នកនាំពាក្យ និងតំណាងរបស់កម្ពុជានៅគ្រប់វិស័យទាំងអស់ដើម្បីបង្កើនសមត្ថភាពក្នុងការបង្ហាញ និងឆ្លើយតបបញ្ហាពាក់ព័ន្ធរបស់កម្ពុជាទៅកាន់ពិភពលោក។

    ជាការឆ្លើយតប សម្តេចតេជោបានទទួលស្គាល់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលមន្ត្រីអ្នកនាំពាក្យ និងបញ្ជាក់ថា កម្ពុជាកំពុងជំរុញការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យឱ្យមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការផ្តល់ព័ត៌មានជាក់ស្តែងស្តីពីការរីកចម្រើនរបស់កម្ពុជា ហើយកម្ពុជាមិនចង់ឱ្យផ្សព្វផ្សាយនូវអ្វីដែលហួសពីការណ៍ពិតរបស់កម្ពុជានោះដែរ ពោលគឺផ្សាយត្រឹមតែស្ថានភាពជាក់ស្តែងរបស់កម្ពុជាប៉ុណ្ណោះ។ 

    សូមបញ្ជាក់ថា អាមេរិកសន្យាផ្តល់ប្រាក់ជាង១៥០លានដុល្លារនៅក្នុងគម្រោងថ្មី​ដើម្បី​ជំរុញលើអាកាសធាតុ ដែនសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធ សុខ​ភាព​សាធារណៈនៅអាស៊ីអាគ្នេយ៍។ 

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទទួលស្វាគមន៍មេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលរដ្ឋបាលរបស់លោកខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្ហាញថា សហរដ្ឋអាមេរិកមិនបានបោះបង់ចោលការផ្តោតទៅលើតំបន់ប៉ាស៊ីហ្វិកនោះទេ ទោះបីជាកំពុងដោះស្រាយជាមួយនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ។ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកសន្យាផ្តល់ប្រាក់ជាង១៥០លានដុល្លារនៅក្នុងគម្រោងថ្មីដើម្បីជំរុញលើអាកាសធាតុ ដែនសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈនៅអាស៊ីអាគ្នេយ៍ ៕

ដោយ ៖ សិលា


ចែករំលែក៖