ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះ២ល្វែងនៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៣៥ និងផ្ទះលេខ៣៧ ផ្លូវ១២ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានឱ្យដឹងថា: ម្ចាស់ផ្ទះទី១ -ឈ្មោះ អេង សៀវមុី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរលក់ដូរ រស់នៅទីតាំងកើតហេតុខាងលើ និងម្ចាស់ផ្ទះទី២- ឈ្មោះ នង សុវណ្ណរ័ត្ន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរគ្រូពេទ្យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានឃើញអណ្តាតភ្លើងឆេះចេញពីផ្ទះលេខ៣៥ ដែលជាផ្ទះលក់ផ្លែឈើ ហើយបន្ទាប់មកក៏បានឆេះរាលដាលទៅផ្ទះលេខ៣៧។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថាមូលហេតុដែលបណ្តាលឆាបឆេះផ្ទះល្វែងទាំង២ល្វែងខាងលើគឺបណ្តាលមកពីការទុស្សេខ្សែភ្លើង ។
ផ្ទះរងគ្រោះជាប្រភេទសំណង់ វីឡាកូនកាត់ ទំហំ(៤,២ម៉ែត្រX១២ម៉ែត្រ) ឆេះរោលជញ្ជាំងពិតានខាងលើក្នុងផ្ទះ ។
សម្ភារដែលខូចខាតរួមមាន៖
– ឆេះបន្ទប់ដេក៤បន្ទប់(២ល្វែង)
រួមនឹងសម្ភារមួយចំនួនធំ។
ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿងរួមមាន ៖ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៤គ្រឿង , រថយន្ត ស្រាបៀរកម្ពុជា០១គ្រឿង, រថយន្តរបស់បុរីពិភពថ្មីចំនួន០២គ្រឿង ប៉ុន្តែប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់បុរីពិភពថ្មីបាញ់ពន្លត់អស់ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០១គ្រឿង។
ករណីអគ្គិភ័យខាងលើនេះបានរលត់ជាស្ថាពរទៅវិញនៅម៉ោង១៤និង២៥នាទីរសៀលថ្ងៃខែឆ្នាំដដែល៕
ដោយ ៖ ភារ៉ា ដង្កោ