ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវនគរបាលក្រុងក្រចេះឃាត់ខ្លួនខណៈរកឃើញថ្នាំញៀន១៦កញ្ចប់

ចែករំលែក៖

    ខេត្តក្រចេះ ៖ សមត្ថកិច្ចនគរបាលក្រុងក្រចេះបានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យបាន៣នាក់និងថ្នាំញៀនចំនួន១៦កញ្ចប់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់។

     ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវលំ ក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះខេត្តក្រចេះ។

    ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ដំបូងឈ្មោះ ស៊ុន ស៊ឹង ហៅ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុង/ខេត្តក្រចេះ ដោយដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សចំនួនមួយកញ្ចប់។

     ដោយមានការសារភាពពីជនសង្ស័យខាងលើនៅថ្ងៃដដែលកម្លាំងនគរបាលក្រុងក្រចេះ បានបន្តឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតនៅភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ក្នុងនោះជនសង្ស័យទី១-ឈ្មោះ តេង វឌ្ឍនៈ ហៅអូន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ឈឹម ប៊ុនថុល អាយុ៤៥ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដោយដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សចំនួន១៥កញ្ចប់, ទុយយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន១ ថង់, ទូរស័ព្វចំនួន២គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

     ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់និងវត្ថុតាងមក សមត្ថកិច្ចបានធ្វើការឃាត់ និងរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖