ប្រទេសវៀតណាម ៖ មោទនភាពជាតិបំផុត ! ខណៈកីឡាករកម្ពុជាបានដណ្ដើមមេដាយមាសលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដោយកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ បន្ទាប់ពីយកឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុដាច់ លើវិញ្ញាសារទម្ងន់ ៥៧គីឡូក្រាម ។ ជោគជ័យនេះត្រូវបានប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក គាំទ្រ ពីជ័យជម្នះនេះ របស់កីឡាករយកមេដាយមាសជូនជាតិ ។
សូមបញ្ជាក់ថា កម្ពុជានៅសល់បេក្ខភាពប្រកួតដណ្ដើមមេដាយមាស ៣រូបទៀត សម្រាប់ប្រភេទកីឡាឃីកបុកស៊ីង ដែលនឹងត្រូវប្រកួតនៅយប់នេះ រួមមានកីឡាករ លន់ បញ្ញា, កាន់ ម៉េង ហុង និងកីឡាករ ឈឿង ល្វៃ ។
ជយោ! កីឡាករ ទូច រ៉ាឆាន់ ដណ្ដើមបានមេដាយមាស លើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ក្រោយយកឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើប្រភេទកីឡាឃីកបុកស៊ីង ទម្ងន់ ៥៧គីឡូក្រាម 🥊🇰🇭 ។
ជាមួយពាក្យស្លោកថា, យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣
#កីឡារស់ក្នុងសន្ដិភាព SPORTS: LIVE IN PEACE
#teamcambodia
#cambodiaairways
#nagaworld
#seagameshanoi ។
ដោយឡែក លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា, សូមអបអរសាទរដល់កីឡាករកម្ពុជា ទូច រ៉ាឆាន់ ដណ្តើមបានមេដាយមាស មុនគេក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ល្ងាចថ្ងៃសុក្រនេះ ក្នុងប្រភេទកីឡាឃីកបុកស៊ីង ទម្ងន់ ៥៧គីឡូក្រាម ។
នេះជាមោទនភាពអស្ចារ្យថ្មីមួយទៀត សម្រាប់កម្ពុជា ដែលកីឡាករ ទូច រ៉ាឆាន់ ដណ្តើមមេដាយមាស ជូនជាតិមាតុភូមិនៃយើង ។
សូមជូនពរកីឡាករ ទូច រ៉ាឆាន់ ក៏ដូចជាកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ដែលទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ទទួលជោគជ័យគ្រប់ការប្រកួត ពិសេសដណ្តើមបានមេដាយជូនព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ កុំបីខានឡើយ៕
ដោយ ៖ សិលា