ខេត្តកោះកុង ៖ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃសុក្រទី១៣ ខែឧសភា ឆ្នាំ២០២២នេះថា៖ ស្រ្តីម្នាក់ ពាក់ព័ន្ធករណីរំលោភលើសេចក្ដីទុកចិត្ត(រឿងជំពាក់លុយជិត២០ម៉ឺនដុល្លារ) ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ចាប់ឃាត់ខ្លួនបញ្ជូនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ស្ត្រីសង្ស័យមានឈ្មោះ លីន គីមលៀន អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិឃុំខាងលើ ពាក់ព័ន្ធករណី រំលោភលើសេចក្ដីទុកចិត្ត។ ចំណែកម្ចាស់ដើមបណ្ដឹងមានឈ្មោះ ហែម សុវត្ថិ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរសព្វថ្ងៃអ្នកជំនួញមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ 49FD ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍ដដែល បន្តថា មុនពេលកេីតហេតុដើមបណ្ដឹងបានប្ដឹងស្ត្រីឈ្មោះ លីន គីមលៀន ថាបានជំពាក់លុយរបស់គាត់ ចំនួន ១៩ម៉ឺន៥ពាន់ដុល្លារអាមេរិក និងប្រេងចំនួន ១,៧៦១,៥៦៦លីត្រ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ។
បច្ចុប្បន្ន ស្ត្រីសង្ស័យរូបនេះ ត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការនគរបាលខេត្តកោះកុងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី