ខេត្តស្វាយរៀង ៖ ព្រះគ្រូធម្មវិបស្សនា មុន សាយ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាយកវិទ្យុសំឡេងព្រះធម៌ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បាននិមន្តជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ព្រះវិហារថ្មី និងរៀបចំធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តួចផ្តើមឡើងដោយ ព្រះគ្រូបញ្ញារតនៈវិជ្ជា ងួន សារិទ្ធ គណៈថ្នាក់កិត្តិយសព្រះសមុហ៍គណៈខេត្ត និងជាព្រះគ្រូចៅអធិការវត្តសន្តិភាព លោកលោកស្រីព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយដើម្បីប្រមូលបច្ច័យកសាងព្រះវិហារស្ថិតក្នុងវត្តសន្តិភាព សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ព្រះគ្រូបញ្ញារតនៈវិជ្ជា ងួន សារិទ្ធ គណៈថ្នាក់កិត្តិយសព្រះសមុហ៍គណៈខេត្ត និងជាព្រះគ្រូចៅអធិការវត្តសន្តិភាព បានមានសង្ឃដីការថា បុណ្យផ្កាដែលធ្វើដោយមានផ្កាជាសក្ការៈនោះមាន២បែបគឺ៖ទី១- បុណ្យផ្ការុក្ខជាតិ និងផ្កាវារីជាតិ គឺគេបេះតែផ្កាឈើ និងផ្កាឈូកថ្វាយព្រះពុទ្ធរូប ។
ទី២- បុណ្យផ្កាប្រាក់ គឺគេសន្មតប្រាក់ថាជាផ្កាបវារណាចំពោះព្រះដើម្បីសាងថាវរវត្ថុអ្វីមួយ។
ប្រទេសកម្ពុជាយើង សម័យបុរាណពុទ្ធបរិស័ទទាំងឡាយទាំងព្រះរាជាទាំងប្រជារាស្ត្រ ទ្រង់តែងតែប្រារព្ធធ្វើបុណ្យរុក្ខជាតិ និងផ្កាវារីជាតិដោយយកផ្កាចងក្រងហើយ ហែយកទៅថ្វាយព្រះពុទ្ធនៅព្រះវិហារវត្តណាមួយដែលនៅជិត។ ព្រះរាជាតែងទ្រង់ធ្វើនៅខែវស្សា គឺនៅថ្ងៃ១៥កើតខែស្រាពណ៍ដោយទ្រង់ស្ដេចយាងទៅក្រសាលតាមបឹងតាមព្រះទីន័ង នាវា ទ្រង់ព្រះរាជបញ្ជាឲ្យបេះផ្កាឈូកស ឈូកក្រហម ព្រលិត លំចង់ ស្បង្ក័ជ យកមកថ្វាយព្រះក្នុងព្រះរាជមន្ទីរហើយទ្រង់ចាត់ឲ្យហែហមដោយក្បួនហែដ៏មហោឡារិក យកទៅថ្វាយព្រះពុទ្ធរូបគ្រប់វត្តអារាម ដែលនៅជិតព្រះបរមរាជវាំង។
តែសព្វថ្ងៃដោយគេយល់ថា វត្តអារាមនីមួយៗតែងកសាងទីសេនាសនៈ ដូច្នេះទើបនិយមយកលុយមកចងក្រងជាផ្កា រួចបានវេរប្រគេនដល់ព្រះសង្ឃ ហើយបុណ្យផ្កាប្រាក់នេះគេទុកថា ជាបុណ្យធំមួយព្រោះគេបានរួមបច្ច័យ កសាងថាវរវត្ថុផ្សេងៗ ទាំងខាងពុទ្ធចក្រ និងអាណាចក្រអាចធ្វើជាប្រយោជន៍ដ៏ធំធេងសម្រាប់ធ្វើជាទីសេនាសនៈផ្សេងៗបានឈ្មោះថាធ្វើឲ្យសាសនារុងរឿងតទៅទៀតផង។
ជាចុងបញ្ចប់ ព្រះធម្មវិបស្សនា មុន សាយ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាយកវិទ្យុសំឡេងព្រះធម៌ ក៏បាននិមន្តប្រគេនលិខិតថ្លែងអំណរគុណដល់លោកតា លោកយាយ និងពុទ្ធបរិស័ទដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានាកន្លងមក និងប្រគេនអំណោយដល់លោកតា លោកយាយចាស់ជរាចំនួន៥០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ ,មី១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៣ម៉ឺនរៀលផងដែរ ៕
ដោយ៖យឹម សុថាន