ខេត្តស្វាយរៀង ៖ លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹកបានថ្លែងថា លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។
ការថ្លែងបែបនេះធ្វើឡើងនៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ពងទឹក ឃុំពងទឹក ស្រុករំដួល ។
លោករស់ ផារិទ្ធ បន្តថា យើងរស់ដល់សព្វថ្ងៃនេះដោយសារប្រទេសជាតិមានស្ថិរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។លោកបញ្ជាក់ថា មានតែសម្តេចតេជោទេដែលមានទេពកោសល្យពីកំណើតនៅក្នុងពិភពលោកកម្ររកបាន ព្រោះសម្តេចតេជោមានប្រាជ្ញាឈ្លាសវៃប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនឥតឈប់ឈរ មានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាពនិងសន្តិភាពពិតប្រាកដ។
លោកបន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ជាវិស័យអាទិភាពមួយ ដោយបានដំឡើងប្រាក់បៀវត្សដល់លោកគ្រូ អ្នកគ្រូឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។
លោកក៏បានអំពាវនាវដល់សិស្សានុសិស្សឱ្យបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសបញ្ចៀសការចរាចរនិងប្រើប្រាស់គ្រឿងញៀនឱ្យបាន ព្រោះបច្ចុប្បន្នបញ្ហាគ្រឿងញៀននិងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះវាបានបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងធនធានមនុស្សក្នុងសង្គមកម្ពុជាយើង ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។
ក្នុងឱកាសនោះ លោករស់ ផារិទ្ធ ក៏បានឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ៦៦នាក់ ក្នុងម្នាក់ជូនក្រមា១ ម៉ាស់ ១ប្រអប់ និងថវិកា១០.០០០រៀល និងសិស្សានុសិស្ស៧៤០នាក់ ក្នុងម្នាក់ៗបាន សៀវភៅ១ក្បាល ប៊ិក១ដើម បន្ទាត់ជ័រ១ និងឧបត្ថម្ភសាលាថវិកា៥០០.០០០រៀល៕
ដោយ៖យឹម សុថាន