ខេត្តកំពង់ចាម ៖ អស់រយ:ពេល ៥ថ្ងៃមកហើយ (ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥) នៃដំណើរបេសកកម្មរបស់ លោករដ្ឋមន្រ្តីអញ្ជើញមកខេត្តកំពង់ធំ ស្ទឹងត្រែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម។ ស្ថិតក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានអញ្ជើញចុះមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាឃុំនានានៅក្នុងស្រុកកំពង់សៀម និងស្រុកតំបែរ ដែលស្ថិតក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ពិធីសំណេះសំណាលជាសាធារណ:មានបំណង៖ ១- ធ្វើការពិនិត្យតាម ដាន និងវាយតម្លៃលើសមិទ្ធផលសំខាន់ៗដែលសម្រេចបាន របសក្រុមការងារបានចុះជួយតាមបណ្តាឃុំក្នុងខេត្តទាំងពីរ និងពិនិត្យមើលសកម្មភាពនិងផែនការអនុវត្តបន្តដើម្បីបំពេញបន្ថែមនូវរាល់តម្រូវការផ្សេងៗទៀតដើម្បីលើក កម្ពស់កម្រិតជីវភាព និងអភិវឌ្ឍន៍នៅមូលដ្ឋាន។ ២- ធ្វើការពិនិត្យតាមដានការងារបង្កបង្កើនផល នៅមូលដ្ឋានផ្ទាល់ និងផ្តល់ការណែនាំបច្ចេកទេសបន្ថែម និងលើកយកហេតុផលអំពីបញ្ហានានាក្នុងវិស័យកសិកម្មដែលកម្ពុជា ដ៏ដូចពិភពលោកបាននិងកំពុងប្រឈមមកជម្រាបជូនបងប្អូនប្រជា ពលរដ្ឋបានជ្រាប។ ៣- ពិនិត្យតាមដាន និងណែនាំបន្ថែមអំពីការត្រៀមលក្ខណសម្បត្តិដើម្បីរៀបចំយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្គាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិនថុនាខាងមុខ។
សម្រាប់កម្មវិធីចុងក្រោយ ក្នុងថ្ងៃចុងក្រោយ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃ អាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោកប្រធានក្រុមការងារបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋឃុំអំពិលចំនួន ១ ២០០នាក់ ក្នុងបរិវេណវត្តក្រឡា។ ក្នុងវិធីនេះក៏មានវត្តមាន លោកជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់សៀម លោកប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំអំពិល លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងបង ប្អូនប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំយ៉ាងច្រើនកុះករ។
មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋ និងបានជូនពរឲ្យបងប្អូនជួបតែពុទ្ធិពរទាំង ៤ប្រការ។
ឆ្លៀតយកឱកាសជួបជុំ លោកប្រធានក្រុមការងារបានជម្រាបជូនអង្គពិធីដោយសង្ខេបអំពី ៖ ភាពជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ។ សកម្មភាពសង្គម និងសេដ្ឋកិច្ច។ វិបត្តិសង្គម និងសេដ្ឋកិច្ចដែលពិភពលោកកំពុងប្រឈម បញ្ហាស្បៀង និងប្រេងឥន្ទន:ឡើងថ្លៃ ផលិត ផលកសិកម្មខ្វះទីផ្សារ ការដឹកជញ្ជូនទំនិញចេញ និងចូលក្នុងប្រទេសឡើងថ្លៃ។ល។ ដែលបណ្តាលមកពីវិបត្តិជំងឺឆ្លងកូវីដ-១៩ និងសង្រ្គាមរុស្សី-អ៊ុយក្រែង។ យុទ្ធសាស្រ្តសំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីកសាង និងស្តារសេដ្ឋកិច្ចជាតិយើងឡើងវិញ។ គុណសម្បត្តិ និងគុណវិបត្តិរបស់ពលករចំណាក់ស្រុក។ល។
ដោយឡែកចំពោះការងារមូលដ្ឋាន លោកបានធ្វើការសំណេះសំណាលអំពីសុខទុក្ខ ជីវភាព សុខភាព និងការផ្តល់សេវាសាធារណ: គោលនយោបាយ ក៣ សកម្មភាពរបស់ក្រុមការងារចុះឃុំ ចុះជួយដោះស្រាយបញ្ហាជូនប្រជាជន តម្រូវការផ្សេងៗដែលលើកស្នើសុំមកឲ្យក្រុមការងារឲ្យជួយដោះស្រាយ និងកែលម្អបន្ថែម។ល។ ជារួម តាមរយ:ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិ បានរាយការណ៍ជូនលោកបានជ្រាបអំពីការងារកសិកម្ម សមិទ្ធផល និងបញ្ហាប្រឈមសំខាន់ៗដែលមន្រ្តីជំនាញបច្ចេកទេសថ្នាក់ខេត្ត ក្រុមការ ងារចុះឃុំ និងអាជ្ញាធរមូលដ្ឋានសម្រេចបាន និងកំពុងប្រឈប ដែលទាមទារធ្វើការដោះស្រាយឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ ឆ្វេងយល់អំពីមូលបញ្ហា លោកបានជូនមតិ និងណែនាំបន្ថែមដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឲ្យបន្តខិតខំ គិតគូយកចិត្តទុកដាក់ ដោយឈរលើស្មារតីទទួលខុសត្រូវ ដោះស្រាយបញ្ហាជូនប្រជាជនឲ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។ ទោះ ជាយ៉ាងណា លោកបានថ្លែង អំណរគុណ និងឲ្យតម្លៃខ្ពស់ការចំពោះការលះបង់ កាយ ចិត្ត ធនធានថវិកា ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ។
ឆ្លៀតយកឱកាសនេះ លោកបានផ្តាំផ្ញើដោយផ្ទាល់ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងពិធី ត្រូវខិតខំធ្វើគ្រប់យ៉ាងដោយខ្លួនឯងឲ្យកាន់តែសកម្ម និងមានភាពទទួលខុសត្រូវខ្ពស់បន្ថែមទៀតលើការងារដាំដុះដំណាំ ចិញ្ចឹមសត្វ របររកទទួលទានប្រចាំថ្ងៃ ដើម្បីលើកកម្ពស់សុវត្ថិភាពស្បៀង កម្រិត ជីវភាព និងការអភិវឌ្ឍ។ សុខភាពជាកត្តាចំបងសម្រាប់ការសិក្សារៀនសូត្រ ការរកទទួលទាន ការចូលរួមសកម្មភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ និងសុភមង្គលក្នុងគ្រួសារ។ ហេតុ នេះ លោកបានណែនាំឲ្យបងប្អូន ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ (រស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវបន្ថយ ៣ បន្ថយខ្លាញ់ ផ្អែម និងប្រៃ
និងត្រូវបង្កើនការហាត់ប្រាណឲ្យបានទៀងទាត់)។ ត្រូវចូលរួមថែរក្សាបរិស្ថានជំវិញលំនៅឋាន ទីសាធារណ: សាលារៀន និងបរិវេណវត្តអារាមឲ្យបានស្អាត ល្អ។ ធនធានមនុស្សដែលមាន សក្តានុពលទាំងចំណេះដឹង ចំណេះជំនាញ ទេពកោសល្យ សីលធម៌ និងសុជីវធម៌ គឺជាគោល ការណ៍គ្រឹះសម្រាប់អភិវឌ្ឃខ្លួនឯង គ្រួសារ និងប្រទេសជាតិ។ ដូច្នេះមាតា បីតា និងអាណាព្យា បាលត្រូវលើកទឹកចិត្ត បញ្ជូនឲ្យកូន ចៅឲ្យទៅសាលា សិក្សារៀនសូត្រ។
នាំគ្នាទៅទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីការអភិវឌ្ឍ និងរក្សាបាននូវសន្តិភាព។ លោកបានជូនពរឲ្យបងប្អូនទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ខណ:នេះ លោកបានជួយឧបត្ថម្ភ ព្រះចៅអធិការវត្ត ២លានរៀល មេឃុំរំចេក ១លានរៀល អ្នករៀបចំកម្មវិធី ១លានរៀល និងបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន ១ ២០០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០រៀល។ សរុបថវិកាចំនួន ៣៦ ៣០០ ០០០រៀល៕
ដោយ ៖ សិលា