ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅក្នុងផ្សារទំនើប ស្លាប់១០នាក់នៅអាមេរិក

ចែករំលែក៖

មានករណីបាញ់ប្រហារនៅក្នុងផ្សារទំនើបក្នុងស្រុក Buffalo នៃរដ្ឋ ញូវយ៉ក នារសៀលថ្ងៃទី ១៤ខែឧសភា(ពេលវេលាអាមេរិក)បណ្តាលឱ្យមនុស្ស១០នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។
សារព័ត៌មានរ៉យទ័របានផ្សាយថា តាមការលើកឡើងរបស់កម្លាំងសន្តិសុខក្នុងតំបន់ ជនដៃដល់បានពាក់អាវការពារគ្រាប់ បាញ់ប្រហារទៅលើមនុស្សនៅក្នុងផ្សារ ។ ជនដៃដល់បានបើករថយន្តពីផ្ទះទៅកាន់ផ្សារទំនើប TOPS ក្នុងស្រុក Buffalo ដើម្បីបាញ់ប្រហារ។ មិនតែប៉ុណ្ណោះជនដៃដល់បានផ្សាយផ្ទាល់ពីសកម្មភាពបាញ់ប្រហាររបស់ខ្លួននៅលើបណ្តាញសង្គមទៀតផង។
នៅក្នុឃ្លីបវីដេអូ បានបង្ហាញឱ្យឃើញថា ជនដៃដល់បានឈប់រថយន្តនៅមុខផ្សារទំនើប ដោយស្ពាយកាំភ្លើង ហើយបាញ់ទៅលើមនុស្សនៅកន្លែងចតរថយន្ត។ ក្រោយមកជនដៃដល់ក៏បានដើរចូលទៅក្នុងផ្សារទំនើបបន្តបាញ់ប្រហារ។
កម្លាំងប៉ូលិសដែលមានវត្តមាននៅកន្លែងកើតហេតុ បានលើកឡើងថា ស្ថានភាពដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្ត ប៉ុន្តែអ្វីគ្រប់យ៉ាងជាការណ៍ពិត ។ កម្លាំងប៉ូលិសបានឱ្យដឹងថា មានមនុស្ស ១៣នាក់រងការបាញ់ប្រហារ ក្នុងនោះមាន១០នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះ Payton Gendron អាយុ១៨ឆ្នាំ៕ ដោយ៖ ធីរីណា

រូបថត៖Reuters 


ចែករំលែក៖