ខេត្តកំពង់ស្ពឺ ៖ ចេញពីបេសកកម្មនៃការជួបសំណេះសំណាលរបស់លោក ហ៊ុន ម៉ានី ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ទូទាំង៨ ក្រុង ស្រុកដែលបានបញ្ចប់នៅថ្ងៃនេះ នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរំលេចចេញនូវការតាំងចិត្តយ៉ាងមោះមុតរបស់ភ្នាក់ងារគណបក្សទាំងអស់ក្នុងការ គោរពតាមគោលការណ៍ណែនាំរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ការពារភាពស្របច្បាប់ជូនគណបក្ស ក៏ដូចជាធានាបាននូវភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីទទួលបានការពង្រឹងសមត្ថភាព តាមរយៈវគ្គបណ្តុះបណ្តាលនានា រួមទាំងទិដ្ឋភាពផ្នែកច្បាប់កន្លងមក ភ្នាក់ងារគណបក្សទាំងអស់ ដែលមានមួយចំនួនធំធ្លាប់បានបំពេញភារកិច្ចនេះ រហូតដល់១០ដង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងភារកិច្ចសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ភ្នាក់ងារគណបក្សមួយរូបនៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង លោកឡុង ឃុន បានអះអាងថា យើងបានត្រៀមខ្លួនជានិច្ចចំពោះការងារចំពោះមុខ។ “អ្វីដែលជាភាពស្របច្បាប់ យើងត្រូវតែការពារ។ ប្រសិនណាមានជនណាដែលប្រព្រឹត្តផ្ទុយពីការណែនាំរបស់គ.ជ.ប. ដែលនាំឲ្យមានការប៉ះពាល់ដល់គណបក្ស យើងមានសិទ្ធ ដាក់ពាក្យបណ្តឹងដើម្បីទាមទារភាពស្អាតស្អំរបស់យើង។”…“ខ្ញុំស្គាល់ច្បាស់ពីតួនាទីរបស់ខ្ញុំក្នុងនាមជាភ្នាក់ការគណបក្ស។ ខ្ញុំច្បាស់ព្រោះខ្ញុំបានធ្វើការងារនេះ៥ អាណត្តិហើយ។” លោកឡុង ឃុន បន្ថែម។
ការចុះជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាគ្រប់ក្រុង ស្រុកទូទាំងខេត្តកំពង់ស្ពឺនេះ គឺជាការពង្រឹងបន្ថែមពីស្មារតីបក្ស តួនាទីជាភ្នាក់ងារបោះឆ្នោត និងទិដ្ឋភាពផ្នែកច្បាប់នានាមុនពេលការបោះឆ្នោតឈានចូលមកដល់។ ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានសម្តែងការពេញចិត្តចំពោះការប្តេជ្ញាចិត្តរបស់ភ្នាក់ងារគណបក្ស និងថ្លែងអំណរគុណដល់ភ្នាក់ងារគណបក្សទាំងអស់ ថែមទាំងបានកោតសរសើរពីភាពច្បាស់លាស់នៃការត្រៀមខ្លួមធ្វើជាអ្នកសង្កេតការណ៍ និងការពារជូនគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ យោងតាមប្រតិទិននៃការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ថ្ងៃឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី ២១ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕
ដោយ៖ សូរិយា