ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ ដែលមានបីកម្មវិធីគឺ ៖ ២ កម្មវិធីសម្រាប់ពេលព្រឹក និង ១ កម្មវិធីទៀតសម្រាប់ពេលរសៀល។ 

កម្មវិធីពេលព្រឹក ៖

– កម្មវិធីទី១៖ នៅវេលាម៉ោង ៧:៣០នាទី ក្នុងបរិវេណវត្តស្រម៉រ ឯកឧត្តមបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៥៧៥នាក់ ដែលអញ្ជើញមកពីទូទាំងឃុំស្រម៉រ។

– កម្មវិធីទី២៖ នៅវេលាម៉ោង ៩:៣០នាទី ក្នុងបរិវេណវត្តព្រៃចារក្នុង លោកបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៦២៨នាក់ ដែលអញ្ជើញមកពីទូទាំងឃុំព្រៃចារ។

ក្នុងកម្មវិធីទាំងពីរខាងលើ មានវត្តមានលោកជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកជើងព្រៃឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំស្រម៉រ និងឃុំព្រៃចារ លោក លោក ស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ និងប្រជាការពារភូមិ។ 

ក្នុងវិធីនីមួយៗ លោកមេឃុំត្រស្រម៉រ ក៏ដូចមេឃុំព្រៃចារ បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីសកម្មភាពចុះមូលដ្ឋានរបស់ប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារក្នុងរយ:ពេលកន្លងមកដែលសកម្មភាពទាំងនោះបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមដែលបងប្អូនមូលដ្ឋានបានជួប បន្តជំរុញអនុវត្តគោលនយោបាយ ក៣ សម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋដែលជួបបញ្ហាដូចជាខ្យល់កន្រ្ទាក់ គ្រោះថ្នាក់ចរាចរ ជួសជុល និងកសាងផ្លូវលំ តបណ្តាញអគ្គីសនី ចាក់ដី-ជួសជុលរបងសាលា ជួយឧបត្ថម្ភចាស់ជរាគ្មានទីពឹង និងសង់ផ្ទះសប្បុរសធម៌ និងសកម្មភាពចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជួយដោះស្រាយបញ្ហាជីវភាពជូន ចំពោះបងប្អូនដែលបានឆ្លងជំងឺកូវីដ-១៩ ជួយឧបត្ថម្ភសម្ភារ បរិក្ខារពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង។ 

ការមានវត្តមានជួបជុំប្រជាពលរដ្ឋទ្រង់ទ្រាយធំ របស់លោកក្នុងស្រុកជើងព្រៃ ត្រូវបានអាក់ខាន អស់រយ:ពេលពីរឆ្នាំកន្លងមក ដោយសារបញ្ហាជំងឺឆ្លងកូវីដ-១៩ ក្រោយពេលស្ថានភាពនៃវិបត្តិនេះបានល្អប្រសើរ ថ្ងៃនេះឯកឧត្តមប្រធានក្រុមការងារ ឆ្លៀតយកពេលវេលាដែលត្រូវបំពេញកាតព្វកិច្ចជូនរាជរដ្ឋាភិបាល ចុះមកមូលដ្ឋានដើម្បីធ្វើការពិនិត្យ តាមដាន និងវាយតម្លៃលើសមិទ្ធផលដែលក្រុមការងារចុះឃុំសម្រេចបាន និងស្វែងយល់បន្ថែមអំពីបញ្ហាដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រឈម និងសេចក្តីត្រូវការផ្សេងៗទៀត ដែលចាំ បាច់ត្រូវជួយឧបត្ថម្ភដើម្បីបន្តធ្វើការអភិវឌ្ឍមូលដ្ឋានឲ្យចំគោលដៅ និងឆ្លើយតបតាមតម្រូវការជាក់ស្តែង។ ក្នុងមនោសញ្ចេតនានឹករលឹក និងក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិ ចុះស្រុកជើងព្រៃ ឯកឧត្តមបានប្រើពេលវេលានេះធ្វើការសំណេះសំណាលជាមួយបងប្អូនក្នុងឃុំទាំងពីរ ជាបឋមនោះបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងពីរឃុំ និងបានជូនពរឲ្យបងប្អូនជួបតែពុទ្ធិពរទាំង ៤ប្រការ។ ក្នុងនាមសមាជិករាជរដ្ឋាភិបាល ឯកឧត្តមបាននាំយកមកជូនបងប្អូនប្រជាពលរដ្ឋនូវព័ត៌មានសំខាន់ៗ និងធ្វើការណែនាំ កែលម្អលើចំណុចខ្វះខាតមួយ ចំនួនទៀត ដែលមានខ្លឹមសារជាបន្តបន្ទាប់ដូចខាងក្រោម ៖

១- លទ្ធផល និងភាពជោគជ័យដ៏ធំធេង ដែលសម្តេចតេជោបាននាំយកមកជូនប្រទេសជាតិ និងប្រជាជនរបស់លោក បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន រយៈពេលពីរថ្ងៃ ពីថ្ងៃ១២-១៣ ខែឧសភា ឆ្នាំ២០២២។ តម្លៃយ៉ាងធំធេងទាំងកិត្តិយស កិត្តិនាម និងភាពជោគជ័យនេះ ក្នុងនាមប្រធានក្រុមការងារ និងបងប្អូន ស្រុកជើងព្រៃ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតលើការដឹកនាំរបស់សម្តេច ដែលពោរពេញទៅដោយទេព្យកោសល្យខ្ពស់ និងបញ្ញាញាណ ព្រមជាមួយបទពិសោធន៍ប្រកបដោយភាពចាស់ទុំលើការងារនយោបាយ សេដ្ឋកិច្ច សង្គម ការទូត និងទំនាក់ទំនងអន្តរជាតិ។ល។

២- ភាពជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នាទាំងក្មេង ចាស់ និងទាន់ពេលវេលា និងវិធានការសំខាន់ៗដើម្បីទប់ស្កាត់ជំងឺឆ្លងនេះ។ 

៣- យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩ មានជាអាទិ៍៖ ជំរុញឲ្យបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះថ្មីខេត្តសៀមរាប ផ្លូវល្បឿនលឿន (ភ្នំពេញ-ខេត្តព្រះសីហនុ) សាងសង់កំពង់ផែទឹកជ្រៅ (កំពត) ការកែលម្អហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចជាតិដ៏សំខាន់។ ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល ព្រមជាមួយអនុញ្ញាតឲ្យសកម្មភាព និងជីវភាពសង្គមដំណើរការដូចប្រក្រតីឡើងវិញ។

៤- វិបត្តិស្បៀង សេដ្ឋកិច្ច សង្គម និងទំនាក់ទំនងអន្តរជាតិដែលបាននិងកំពុងកើតមានឡើងដោយសារសង្គ្រាមរុស្សី-អ៊ុយក្រែន ហើយបញ្ហានេះក៏បាននិងកំពុលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយើងដែរ ពិសេសលើមធ្យោបាយដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ តម្លៃស្បៀង និងប្រេងឥន្ទន:ឡើងថ្លៃ ព្រមជាមួយការពន្យាពេលនៃគម្រោងវិនិយោគធំៗផងដែរ។ 

៥- ស្នើសុំឲ្យបងប្អូនខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ពិសេសការងារបង្កបង្កើនផល ដែលផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យគ្រួសារ។ ជំនួយដែលទទួលបានពីក្រុមការងារ គឺដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានបណ្តោះអាសន្ត ដូច្នេះបងប្អូនត្រូវតែលើកកម្ពស់ជំហ៊ម្ចាស់ការ ខិតខំ ប្រឹងប្រែងដោយខ្លួនឯង ហើយត្រូវប្តូរទម្លាប់គិត និងទម្លាប់ធ្វើ គ្រប់យ៉ាងដែលមិនរីកចម្រើន ទើបអាចដើរចេញពីភាពក្រីក្របាន។ 

៦- គុណសម្បតិ និងគុណវិបត្តិនៃការធ្វើចំណាកស្រុក។ ពលករធ្វើចំណាកស្រុក រៀងរាល់ឆ្នាំពួក គេបានផ្ញើប្រាក់រយលានដុល្លារមកជូនគ្រួសារ ហើយនៅពេលត្រឡប់មកមាតុប្រទេសវិញបាននាំយកមកជាមួយនូវជំនាញ និងបទពិសោធន៍ការងារបច្ចេកទេសមកចូលរួមកសាង និងអភវឌ្ឍប្រទេស។ 

៧- សុខភាពជាកត្តាចំបងសម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសុភមង្គលក្នុងគ្រួសារ។ ហេតុនេះ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ។ មាតា បីតា និងអាណាព្យាបាលត្រូវលើកទឹកចិត្ត បញ្ជូនឲ្យកូន ចៅឲ្យទៅសាលា សិក្សារៀនសូត្រ ដើម្បីដើរចេញពីអនក្ខរភាព និងភាពក្រីក។ ត្រូវចូលរួមថែរក្សាបរិស្ថានជំវិញលំនៅឋាន ទីសាធារណ: សាលារៀន និងបរិវេណវត្តអារាមឲ្យបានស្អាតល្អ។ 

៨- បន្តចុះជួយដោះស្រាយបញ្ហានៅមូលដ្ឋានឲ្យបានកាន់តែប្រសើរ និងត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងក៣ និងផ្តល់សេវាសាធារណឲ្យបានល្អ ខ្ជាប់ខ្ជួន    និងទាន់ពេលវេលា។ 

៩- នាំគ្នាទៅទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីការអភិវឌ្ឍ និងថែរក្សា ការពារសន្តិភាព។ 

យកឱកាសជួបជុំប្រកបដោយមនោសញ្ចេតនានឹករលឹក ឯកឧត្តមបានជូនពរឲ្យបងប្អូនប្រជា ពលរដ្ឋទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ 

លោកបានជួយដោះស្រាយសំណើមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋទាំងពីរឃុំក្នុងបំណងបន្តការកសាង និងអភិវឌ្ឍមូលដ្ឋាន ៖ 

– ឃុំស្រម៉រ ៖ ជួយឧបត្ថម្ភជួសជុលរបងវត្ត ៦ ៦០០ ០០០រៀល មេឃុំ ១លានរៀល កម្មវិធី ១លានរៀល ជួសជុលផ្លូវលំ ៨០ម៉ឺនរៀល បងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន ៥៧៥នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០រៀល។ សរុបចំនួន ២០លាន និង ៩ សែនរៀល។ 

– ឃុំព្រៃចារ ៖ វត្តទន្ទឹម ៦លានរៀលសម្រាប់ធ្វើរបង មេឃុំ ១លានរៀល ក្រុមរៀបចំកម្មវិធី ១លានរៀល និងបងប្អូនប្រជា ពលរដ្ឋចំនួន ៦២៨នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០រៀល។ ដោយឡែក សំណើគ្រោះក្រហម ៣០ឡាន និងចាក់សាបបរិវេណសាលាអនុវិទ្យាល័យព្រែកចារ ក្រុមការងារនឹងពិនិត្យដោះស្រាយជាក្រោយ។ សរុបចំនួន ២០ ៥៦០ ០០០រៀល ៕

ដោយ ៖ សិលា


ចែករំលែក៖