ខេត្តស្ទឹងត្រែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែអ្នកជិះម៉ូតូបើកក្នុងល្បឿនលឿនជ្រុលទៅបុកគោយន្តកន្ត្រៃមួយគ្រឿងដែលមានផ្ទុកឈើគ្រឿងផ្ទះពេញព្រៀបឈប់ចតនៅលើដងផ្លូវបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់បាត់បងជីវិតភ្លាមៗនៅនឹងកន្លែង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១៖២០នាទី ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧និងលេខ២៨ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្ករឱ្យជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះ យាន សុខឃាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1S-8346 បើកបរពីទិសខាងលិចទៅទិសខាងកើតជ្រុលទៅបុកគោយន្តកន្រ្តៃផ្ទុកឈើចតស្ងៀមនោះយ៉ាងពេញទំហឹងតែម្តង។
ឯម្ចាស់គោយន្តកន្ត្រៃគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះបន្ទាប់ពីកើតហេតុគេបានរត់គេចខ្លួនបាត់ស្រមោលឈឹងភ្លាមដែរ ដោយបន្សល់ទុកតែគោយន្តដឹកឈើនៅនឹងកន្លែងកើតហេត។
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកធ្វើការវាស់វែងយកម៉ូតូនិងគោយន្តកន្រ្តៃទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាសរង់ចាំធ្វើការដោះស្រាយតាមក្រោយ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ជីវ័ន្ត