ព័ត៌មានទាន់ហេតុការណ៍៖

អ្នកញៀនល្បែងស៊ីសងចំនួន០៣នាក់​ ត្រូវ​កម្លាំង​នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួន

ចែករំលែក៖

  ខេត្ត​ពោធិ៍សាត់ ៖ លោកវរសេនីយ៍ទោ កែវ សារិ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០២២នេះថា៖​ កម្លាំង​សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបចាប់ឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង០៣នាក់ ខណៈ​ពួកគេ​កំពុង​ប្រព្រឹត្តល្បែងស៊ីសង អាប៉ោង​ ជាក់ស្ដែង​នៅចំណុចភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២.៤៥នាទី រសៀលថ្ងៃអាទិត្យទី១៥ ខែឧសភាម្សិលមិញនេះ ។

លោកវរសេនីយ៍ទោ កែវ សារិ ដោយអនុវត្ដយ៉ាងខ្ជាប់ខ្ជួនតាមរបស់លោកស្នងការនគរបាលខេត្ត ស្តីពីការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ជាពិសេស បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ លោកបានដឹកនាំកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបល្បែងស៊ីសងអាប៉ោង០១ករណី នៅចំណុចខាងលើ ជាលទ្ធផលឃាត់ខ្លួនមនុស្សបានចំនួន០៣នាក់នឹងវត្ថុតាងមួយចំនួន ។ 

លោកអធិការ​ បានបន្តថាអ្នកញៀនល្បែងទាំង៣នាក់នេះ៖​ ទី១ឈ្មោះ វ៉ាន់ ម៉ាប់ ភេទប្រុស អាយុ៦២ឆ្នាំ មេបាញ់អាប៉ោង ទី២ឈ្មោះ ម៉ុន ម៉ែន ភេទប្រុស អាយុ២២ឆ្នាំ ទី៣ឈ្មោះ ទឹម ធឿន ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំងបីមានទីលំនៅក្នុង ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ចំពោះវត្ថុតាងដែរដកហូតបានរួមមាន៖ មេអាប៉ោងចំនួន០១គ្រាប់ ចានសម្រាប់បាញ់អាប៉ោងចំនួន០១ ផ្តិលចំនួន០១ កំរាលចំនួន០១ ម៉ូតូចំនួន០១គ្រឿង ។

បច្ចុប្បន្នអ្នកទាំង៣នាក់នេះ​ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖សហការី​


ចែករំលែក៖