ខេត្តពោធិ៍សាត់៖ ជនមិនស្គាល់មុខមានគ្នាចំនួន០៥នាក់ បានជិះម៉ូតូចំនួន ២គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ មកធ្វើសកម្មភាពដេញកាប់លេីយុវជនចំនួន ៣នាក់បណ្តាលឱ្យរងរបួសធ្ងន់ រួចជនដៃដល់នាំគ្នាជិះគេចខ្លួនបាត់ស្រមោល។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៦ ខែឧសភា ឆ្នាំ២០២២។
របាយការណ៍ដដែល បានបន្តថា កាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២២វេលាម៉ោង៨និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានទទួលពាក្យបណ្ដឹងពីដើមបណ្តឹងចំនួន០៣នាក់មានឈ្មោះដូចជា៖ ១-ឈ្មោះ អូយ ខេមរា ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិថ្លុកដង្កោឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ។២-ឈ្មោះមាស អឿន ភេទស្រីអាយុ ៤១ឆ្នាំ រស់នៅភូមិព្រៃកន្លង់ឃុំផ្ទះរុងស្រុកតាលោសែនជ័យ។ ៣-ឈ្មោះ អេ ធូ ភេទស្រីអាយុ៣៧ឆ្នាំ ភូមិដង្កោឃុំផ្ទះរុងស្រុកតាលោសែនជ័យ។
ប្រភពដដែល បានបន្ថែមទៀតថា អ្នកទាំងបីនាក់បានរាយការណ៍ថា៖ កាលពីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង ១៨ និង៤៦នាទីព្រលប់ មានករណីជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះម៉ូតូ ២គ្រឿង មានគ្នាចំនួន០៥ នាក់ ប្រដាប់ដោយកាំបិត(ផ្គាក់)បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅមិនស្គាល់ស្លាកលេខ សេរីឆ្នាំ ២០២២ និងជិះម៉ូតូម៉ាកវីនណើពណ៌មិនស្គាល់ស្លាកលេខបានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន ០៣នាក់ជិះម៉ូតូ ០២គ្រឿង នៅត្រង់ចំណុចខាងកើតស្ពានប្រឡាយព្រៃរោង ចម្ងាយប្រហែល០៥ម៉ែត្រ ស្ថិតនៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ បណ្តាលឲ្យជនរងគ្រោះទាំង០៣នាក់រងរបួសធ្ងន់។
បេីតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៦ ខែឧសភានេះថា ក្រោយទទួលពាក្យបណ្តឹងកម្លាំងអធិការចំនួន០៣នាក់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន ០៤នាក់, កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន០៣នាក់ និងកម្លាំងសឹករងស្រុកចំនួន០២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី មឿន សំអុល ឋានៈអធិការរងផែនយុត្តិធម៏ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវពិនិត្យឃើញថាជនសង្ស័យមួយក្រុមមានគ្នាចំនួន ០៥នាក់ បានជិះម៉ូតូចំនួន ០២គ្រឿងដេញកាប់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ចំនួន០៣នាក់ដែលមានឈ្មោះដូចជា៖ ១.ឈ្មោះសូត្រ ហុងលីភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិថ្លុកដង្កោឃុំផ្ទះរុងបណ្ដាលឲ្យរងរបួស(ធ្ងន់)។ ២.ឈ្មោះអឿ ពិសា ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃកន្លង់ឃុំផ្ទះរុងបណ្ដាលឲ្យរងរបួស(ធ្ងន់)។៣.ឈ្មោះអូយ ខេមរ៉ា ភេទប្រុសអាយុ ១៩ ឆ្នាំរស់នៅភូមិថ្លុកដង្កោឃុំផ្ទះរុងបណ្ដាលឲ្យរងរបួសស្រាល។ជនរងគ្រោះទាំង០៣នាក់ខាងលើត្រូវបានបងប្អូនក្រុមគ្រួសារនឹងគ្រូពេទ្យបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។រីឯជនសង្ស័យទាំង០៥នាក់ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណបានជិះម៉ូតូគេចខ្លួនបាត់ទៅ។
ក្រោយកេីតហេតុ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត និងកំណត់អត្តសញ្ញាណដើម្បីចាប់ឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖សហការី