ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវការសារធាតុញៀន កាលពីវេលាម៉ោង ៦ព្រលប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី១៧ ខែឧសភា ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ឈិន ច័ន្ទត្រា ហៅ កុសល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងថា ក្នុងប្រតិបត្តិការការនេះ លោកបានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ចុះធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវការសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ត្រង់ចំនុចភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង, ម៉ូតូ ០១គ្រឿង ម៉ាកMSX ពណ៌សលាយខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានផ្លាកលេខ លេខតួ, MLHJC-6182F-5228352 ,ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកiPhone6 ពណ៌ស ។
បច្ចុប្បន្នកម្លាំងជំនាញនគរបាលស្រុក បានរៀបចំសំណុំរឿង និងបញ្ជូនជនសង្ស័យមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖សហការី