ភ្នំពេញ ៖ បច្ចុប្បន្នគេសង្កេតឃើញថាបញ្ហាគ្រឿងញៀនកំពុងតែចរាចរណ៍យ៉ាងពេញបន្ទុកសឹងតែ២៥ខេត្តរាជធានីក្រុងទៅហើយជាពិសេសរាជធានីភ្នំពេញតែម្តង បើសិនមិនមានការបង្ក្រាបទាន់ពេលវេលាពីសំណាក់គ្រប់កងកម្លាំងសមត្ថកិច្ចនោះទេ មិនដឹងថាតើមនុស្សប៉ុន្មាននាក់ទៅដែលរងគ្រោះដោយសារគ្រឿងញៀនពិសេសនោះយុវជនដែលជាទំពាំងស្នងឬស្សី និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:៣០នាទី កម្លាំងជំនាញ(ក២)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ជួប សំបូរ លោកឧត្តមសេនីយ៍ទោ អ៊ុក រិទ្ធីរ័ត្ន លោឧត្តមសេនីយ៍ទោ ហុង លី នាយរងមន្ទីរ និងលោកវរសេនីយ៍ឯក ភឿង ម៉ៅ នាយការិយាល័យ(ក២) មានការចូលរួមសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត និងឈានទៅបង្រ្កាបនៅចំណុចតាមដងផ្លូវព្រះមុនី្នវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ុច សុវណ្ណារ៉េត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ និងបានចាប់យកវត្ថុតាង ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៨០០,៨១ ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
បញ្ហាគ្រឿងញៀនបច្ចុប្បន្ននេះមានមតិជាសាធារណៈជាច្រើនបានលើកឡើងថា តើគ្រឿងញៀនទាំងនោះចូលមកបានដោយរបៀបណា តាមច្រកណា ហេតុអ្វីនៅតាមបណ្ដាច្រកនានាជាប់ព្រំដែនពុំមានការទំនួលខុសត្រូវនូវបញ្ហាគ្រឿងញៀនទាំងអស់នេះទេ បើមិនមានការពង្រឹងតាមបណ្តាច្រកព្រំដែនទេ ហើយឲ្យគ្រឿងញៀនចូលបានរបៀបនេះ និងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិជាមិនខាន ៕
ដោយ៖ ស សម