ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្តកូរ៉េមួយគ្រឿងក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បានវ៉ាជែងរថយន្តមួយគ្រឿង ជ្រុលបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងលើសួនផ្ការបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ ទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9572 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានវ៉ារថយន្តមួយគ្រឿងទៀត ជ្រុលមកបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1B-5514 ដែលជិះឌុបគ្នាពីរនាក់កំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកសួនផ្កា និងឃឿននៅមុខផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បណ្តាលឱ្យរងការខូចខាតរថយន្ត និងម៉ូតូរួមទាំងសួនផ្កា និងឃឿននៅមុខផ្ទះប្រជាពលរដ្ឋយ៉ាងដំណំ និងបានបង្កឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ចំនួន២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកឯ បុរសម្នាក់ ដែលជាតៃកុងរថយន្តបង្ករងរបួសស្រាលបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយខាងកម្លាំងផ្នែកសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកដល់ទីតាំងកន្លែងកើតហេតុខាងលើ រួចធ្វើការវាស់វែងយករថយន្តបង្ក រួមទាំងម៉ូតូរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ