ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Ford Ranger បានបើកបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តម៉ាក ហាយឡេនឌ័រ កំពុងឆ្លងផ្លូវចំពីចំហៀងពេញទំហឹង ហើយខ្ទៀតទៅបុកបង្គោលបង្ហាញផ្លូវបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្តុបអនុវិទ្យាល័យ ចតុមុខ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-0809 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួនក៏បានឆ្លងស្តុប ភ្លាមនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-5766 បានបើកបំពានភ្លើងស្តុបទិសដៅពីលិចមកកើតក្នុងល្បឿនលឿន រួចបុករថយន្តហាយឡេនឌ័រពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡេនឌ័រខ្ទៀតទៅផ្លូវម្ខាងទៀតរងការខូចខាតជាខ្លាំង រីឯរថយន្តបង្កបានជ្រុលទៅបុកបង្គោលបង្ហាញផ្លូវបណ្ដាលបាក់អស់១ដើមរងការខូចខាតយ៉ាងដំណំ តែក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុ ភាគីខាងរថយន្តបង្កម៉ាក Ford Ranger បានព្រមចេញសងថ្លៃខូចខាតទាំងស្រុងទៅលើភាគីរថយន្តហាយឡេនឌ័រដើម្បីបញ្ចប់រឿងនៅកន្លែង ។ ប៉ុន្តែរថយន្តបង្កម៉ាក Ford Ranger បានធ្វើឲ្យបាក់បង្គោលបង្ហាញផ្លូវដែលជាសម្បត្តិរដ្ឋ ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ