ខេត្តពោធិ៍សាត់ ៖ កាលពីម្សិលមិញថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលចុះបង្រ្កាបនិងឆែកឆេរលំនៅឋានដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅក្នុងភូមិចម្ការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យ១នាក់ រួចក៏បន្តទៅឆែកឆេរលំនៅឋាន និងកន្លែងលាងម៉ូតូ-រថយន្ត ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ ក្នុងនោះគេឃើញកម្លាំងសមត្ថកិច្ខចាប់វាយខ្នោះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់១នាក់ញាត់បញ្ចូលទៅក្នុងរថយន្តចេញទៅបាត់ រួមជាមួយវត្ថុតាងជាច្រើននិងរថយន្តជាមធ្យោយផងដែរ នេះបើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ។
ដោយឡែក នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ដដែលនេះ លោក វរសេនីយ៍ទោ កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដែលទើបនឹងចូលកាន់មុខតំណែងថ្មីបានឱ្យដឹងថា ករណីខាងលើនេះយើងកំពុងមមាញឹកបន្តនីតិវិធីនៅឡើយ ដូច្នេះរង់ចាំព័ត៌មានលម្អិតទាំងអស់គ្នា ។
គួររំលឹកផងដែរថា ករណីដែលសមត្ថកិច្ចបង្រ្កាបការប្រើប្រាស់ និងចែកចាយគ្រឿងញៀនរហូតឈានដល់ការឃាត់ខ្លួនជនជាប់ពាក់ព័ន្ធជាបន្តបន្ទាប់ដូចសម្លកំពិសនេះ គឺបន្ទាប់ពីប៉ុន្មានថ្ងៃមុននេះតុលាការបានឃុំខ្លួនជនពាក់ព័ន្ធចំនួន៥នាក់រួចមកហើយ ៕
ដោយ៖ បុឹម ពិន