ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនយុវជនម្នាក់ជាមនុស្សញៀនថ្នាំ ទាញកាំបិតបុ័ងតោកាប់ទៅលើយុវជនម្នាក់ បណ្ដាលឱ្យរបួស ខណៈសង្ស័យមកពីប្រេីប្រាស់គ្រឿងញៀនហួសកម្រិតរហូតបាត់បង់ស្មារតី។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់នគរបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃពុធទី១៨ ខែឧសភា ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ប៊ុន សារ៉ាយ ហៅអាតឿ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦អា ផ្លូវ៣៨៦ សង្កាត់បឹងកេងកងទី៣ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ប៉ូ សាវត្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះលេខ៣៦ ផ្លូវ៣៩០ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: បុគ្គលិក(រោងពុម្ព)។
របាយការណ៍ដដែល បានបន្តថា កាលពីវេលាម៉ោង៤ និង០៧នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌ សាហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកកាំបិតបុ័ងតោកាប់បណ្ដាលឱ្យរងរបួសស្រាល) នៅចំណុចមុខផ្ទះលេខ៣៦ផ្លូវ៣៩០ភូមិ ៤សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងចាប់យក៖ កាំបិតបុ័ងតោដងឈើមានប្រវែងប្រហែល០.៣៣សង់ទីម៉ែត្រ ។
យោងតាមដំណើររឿងហេតុ៖ នៅវេលាម៉ោងកេីតហេតុខាងលេីនេះ ជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសចំដងខ្លួនខាងក្រោមក្លៀកផ្នែកខាងស្ដាំ(រងរបួលស្រាល) នៅចំណុចមុខផ្ទះលេខ៣៦ផ្លូវ៣៩០ភូមិ ៤សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង បន្ទាប់មកសមត្តកិច្ចជំនាញ ជិះល្បាតប្រទះឃេីញក៏អន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣តែម្ដង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕
ដោយ៖ស តារា