ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះក្រឡាញ់ស្ថិតក្នុងរចនាប័ទ្មផ្ទះឈើប្រពៃណីខ្មែរមួយដែលគេហៅថា “ផ្ទះកឹង”

ចែករំលែក៖

   ខេត្ត​សៀម​រាប ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​បានឱ្យដឹងថា​ ផ្ទះក្រឡាញ់ស្ថិតក្នុងរចនាប័ទ្មផ្ទះឈើប្រពៃណីខ្មែរមួយដែលគេហៅថា “ផ្ទះកឹង” ដែលជាប្រភេទស្ថាបត្យកម្មខ្មែរដ៏កម្រក្នុងបច្ចុប្បន្ននេះ។ 

    ក្រសួង​បរិស្ថាន​បានឱ្យដឹងទៀតថា​ គេសម្គាល់ចរិតលក្ខណៈពិសេសរបស់ស្ថាបត្យកម្មផ្ទះកឹងបានតាមរយៈដំបូលពីរថ្នាក់ ដែលថ្នាក់ទីមួយមានផ្ទៃធំ និងថ្នាក់ទី២មានទម្រង់ជាត្រីកោណស្ថិតនៅខាងលើ។ តាំងពីបុរាណកាលមកក្នុងប្រទេសយើង ប្រភេទផ្ទះនេះគេសាងសង់បង្ហាញពីទ្រព្យសម្បត្តិស្តុកស្តម្ភ និងឋានៈខ្ពង់ខ្ពស់របស់ម្ខាស់ផ្ទះជាដើម។ រីឯផ្ទះក្រឡាញ់មានអាយុកាលជាង១០០ឆ្នាំមកហើយ នេះគឺដោយសារតែគុណភាពនៃសំណង់ស្ថាបត្យកម្មមួយនេះ ក៏ដូចជាការថែទាំ និងការអភិរក្សផ្ទះនេះឱ្យមានភាពគង់វង្សមកដល់សព្វថ្ងៃ។ អ្វីកាន់តែពិសេសទៀតនោះគឺផ្ទះមួយនេះបានផ្លាស់ប្តូរទីតាំងពីទីតាំងដើមមកទីតាំងថ្មី។ 

    សូមជម្រាបថា​ ស្ថាបត្យកម្មផ្ទះក្រឡាញ់មិនត្រឹមតែបានឆ្លុះបញ្ចាំងពីតម្លៃស្ថាបត្យកម្មឈើខ្មែរប៉ុណ្ណោះទេ តែវាបានបង្ហាញអំពីតម្លៃប្រពៃណី វប្បធម៌ សិល្បៈ និងទំនៀមទម្លាប់រស់នៅរបស់ប្រជាជនខ្មែរក្នុងស្ថាបត្យកម្មឈើដែលឆ្លើយតបទៅបរិបទជុំវិញ។ 

    ជាមួយគ្នានោះ​ ក្រសួង​បរិស្ថាន​ក៏បានដាក់ជាសំណួរថា​ តើអ្នកយល់យ៉ាងណាដែរ ចំពោះស្ថាបត្យកម្មផ្ទះឈើប្រពៃណីខ្មែរ?​ ៕

ដោយ​៖សហការី​


ចែករំលែក៖