ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្ដិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកណ្ដាល

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្ដិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកណ្ដាល នីតិកាលទី០៦ នៃរដ្ឋសភា ដែលឯកឧត្តម បានទទួលមរណភាព កាលពីថ្ងៃទី១៥ ឧសភា ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក៏បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្ដិបណ្ឌិត ឌុល គឿន និងអញ្ជើញជួបសុន្ទនាជាមួយ លោកជំទាវ សម លក្ខិណា ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះការទទួលមរណភាពរបស់ឯកឧត្តម សន្ដិបណ្ឌិត ឌុល គឿន។

បន្ទាប់មក សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ជូនលោកជំទាវ សម លក្ខិណា ព្រមទាំងក្រុមគ្រួសារ នូវបបច្ច័យចូលរួមក្នុងពិធីបុណ្យសព ឯកឧត្តម សន្ដិបណ្ឌិត ឌុល គឿន និងបានបន្តអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដែលសម្ដេចក្រឡាហោម បានសរសេរចារទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្ដិបណ្ឌិត ឌុល គឿន។

នាពេលប៉ុន្មានថ្ងៃមុននេះ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បានផ្ញើសារចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ សម លក្ខិណា ព្រមទាំងក្រុមគ្រួសារ ចំពោះការទទួលមរណភាពឯកឧត្តម សន្ដិបណ្ឌិត ឌុល គឿន ផងដែរ ដោយសម្តេចក្រឡាហោម និងលោកជំទាវ បានចាត់ទុកថា ចំពោះមរណភាពរបស់ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់ លោកជំទាវ សម លក្ខិណា និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្ដីអាឡោះអាល័យជាទីបំផុតនូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បានលះបង់ កម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើតបានសមិទ្ធផលជាច្រើន បម្រើដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកណ្ដាល នីតិកាលទី០៦ នៃរដ្ឋសភា សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សហការី


ចែករំលែក៖