ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ នេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកស្រី កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោកប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រតិភូអមដំណើរ នៃក្រសួងរ៉ែ និងថាមពល អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង កងកម្លាំងទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងក្រុង-ស្រុក និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ រតនៈគិរី និងមណ្ឌលគិរី ព្រមទាំងមន្ត្រីរាជការចូលរួមយ៉ាងច្រើនកុះករផងដែរ។
ថ្លែងក្នុងឱកាសនេះ លោក ស្វាយ សំអ៊ាង បានលើកឡើងថា ការប្រកាសតែងតាំងប្រធានមន្ទីររ៉ែ និងថាមពលនាឱកាសនេះ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿននិងទាន់ពេល។
លោក ស៊ុយ សែម បានមានប្រសាសន៍ថា ដើម្បីសម្រេចភារកិច្ចឲ្យបានល្អ មន្ទីរត្រូវខិតខំលើកផែនការការងារឲ្យបានច្បាស់លាស់ និងចំគោលដៅ ដើម្បីអនុវត្តន៍ដោយរក្សាឲ្យបាន នូវសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។ លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិតជារួមគ្នាសម្រេចរាល់កិច្ចការ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនឲ្យអនុវត្តន៍ ឲ្យបានជាក់ស្ដែងនូវការកែទម្រង់ស៉ីជម្រៅ លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល ដោយអនុវត្តន៍តាមពាក្យស្លោក «បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិ»។
លោកស្រី ញ៉ែម សុម៉ាលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងថ្មី ដែលទើបប្រកាសតែងតាំង យោងតាមប្រកាសលេខ០០៧៦ រថ.បល.ប្រក របស់ក្រសួងរ៉ែ និងថាមពល បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរពនិងខិតខំអនុវត្តន៍កម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាលច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅមតិណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្ត ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ, បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស ពេលវេលាជូនដល់ប្រជាពលរដ្ឋ និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕
ដោយ ៖ សហការី