អ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ី លោក Maria Zakharova បានបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច បានបោះបង់តម្លៃរបស់ខ្លួន។ មិនតែប៉ុណ្ណោះ លោកខាងលិច បានដើរផុតបន្ទាត់ក្រហមដែលខ្លួនបានកំណត់ទុក ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បញ្ជាក់ទៀតថា «លោកខាងលិចមិនត្រឹមតែឆ្លងចូលបន្ទាត់ក្រហមរបស់រុស្ស៊ីនោះឡើយ គឺបានឆ្លងបន្ទាត់ក្រហមដែលខ្លួនបានកំណត់ផងដែរ ។
លោកស្រី Maria Zakharova បានបញ្ជាក់ទៀតថា «លោកខាងលិច បានប្រកាស ពីសេរីភាពបញ្ចេញមតិ ច្បាប់អន្តរជាតិ ប្រជាធិបតេយ្យ សេរីភាព…គឺជាតម្លៃរបស់ពួកគេ ប៉ុន្តែនៅពេលនេះពួកគេបានជាន់ឈ្លីលើវា»។
លោកស្រីបន្តទៀតថា រុស្ស៊ីនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរក្សា ទល្យភាពអន្តរជាតិក្រោយសង្គ្រាមលោកលើកទីពីរ ។
ពាក់ព័ន្ធការដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ី ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ ថាវិស័យប្រេងកំពុងស្ថិតក្រោមការប្រែប្រួលយ៉ាងខ្លាំង ហើយលោកបាន បន្ទោសអឺរ៉ុបថាកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង តាមរយៈការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញសង្រ្គាមអ៊ុយក្រែន។
ក្នុងកិច្ចប្រជុំនៃវិស័យថាមពល លោក ពូទីន បានថ្លែងថា អឺរ៉ុបនឹងមើលឃើញពីការឡើងថ្លៃថាមពល ជាមួយនឹងអតិផរណាខ្ពស់ ដែលជាលទ្ធផលនៃសកម្មភាព របស់ខ្លួន។ លោក ពូទីន បានគូសបញ្ជាក់ថា តាមរយៈការស្វែងរកការបញ្ឈប់ដំណើរការផ្គត់ផ្គង់ថាមពលរបស់រុស្ស៉ី ដល់បណ្តាប្រទេសនានា អឺរ៉ុបនឹងធ្វើឲ្យខ្លួនឯង ឈឺចាប់ ដោយសារតែការគិតខុស, ពិតណាស់ថាសកម្មភាពនេះគឺប្រៀបបាននឹងការសម្លាប់សេដ្ឋកិច្ចប្រទេសនៅអឺរ៉ុប។
លោក ពូទីន បន្ថែមថាសកម្មភាពយ៉ាងវឹកវររបស់អឺរ៉ុប មិនត្រឹមតែធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ផ្ទុយទៅវិញ វាថែមទាំងនាំទៅរកការបង្កើនប្រាក់ចំណូល ពីប្រេង និងឧស្ម័នសម្រាប់រុស្ស៊ីផងដែរ។
ចាប់តាំងពីវិមានក្រឹមឡាំង បានបញ្ជូនកងកម្លាំងរបស់ខ្លួន ចូលទឹកដីអ៊ុយក្រែន ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមក ដោយផ្តោតលើវិស័យប្រេង និងឧស្ម័នរបស់រុស្ស៊ី៕ដោយ៖ ធីរីណា
រូបថត៖ Tass