ភ្នំពេញ ៖ ឃ្លាំងផ្ទុកសម្ភារអេតចាយមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារតែឆ្លងចរន្តអគ្គិសនីចេញពីបន្ទប់កម្មករ ធ្វើឱ្យផ្អើលដល់អ្នកភូមិនាំជួយគ្នាពន្លត់ និងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចចេញរថយន្តបង្ការ និងពន្លត់អគ្គិភ័យដើម្បីជួយធ្វើអន្តរាគមន៍។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង កែងផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញខ្សែភ្លើងទុស្សេហើយឃើញអណ្តាតភ្លើងចេញពី បន្ទប់ស្នាក់នៅរបស់កម្មករ ក្នុងឃ្លាំងអេតចាយ។ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋនាំគ្នាស្រែកឆោឡោបង្កការភ្ញាក់ផ្អើលនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេកទើបប្រជាពលរដ្ឋទប់ស្កាត់លែងបាន ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចបង្ការ និង ពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាច្រើនគ្រឿង ចេញធ្វើអន្តរាគមន៍ និងបានបាញ់ទឹកពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
សូមបញ្ជាក់ថា ក្នុងរង្វង់នៃការគ្រប់គ្រងគ្រោះអគ្គិភ័យនេះកម្លាំងការិយាល័យ បង្ការ និង ពន្លត់អគ្គិភ័យបានយករថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងមកដល់កន្លែងកើតហេតុ និងបានប្រើប្រាស់ទឹកអស់៨ឡាន។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានប្រើពេលវេលាក្នុងការធ្វើអន្តរាគមន៍រយៈពេល៤០នាទីទើបអគ្គិភ័យរលត់អស់ទាំងស្រុង ៕
ដោយ ៖ រ៉ារ៉ា