ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបញ្ច្រាសផ្លូវគេចពីប៉ូលិសចរាចរណ៍ ធ្វើឱ្យបុរសម្នាក់បើករថយន្តគេចពីម៉ូតូនេះបួងចង្កូតឡើងលើចិញ្ចេីមផ្លូវក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តហុីយ៉ាន់ដាយគេចពីម៉ូតូរបស់យុវជនម្នាក់ដែលជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពគេចពីសមត្ថកិច្ចដាក់គោលដៅចរាចរណ៍ បណ្ដាលឱ្យបួងចង្កូតឡើងលើចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងម្ខាង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងភូមិសំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

   យោងតាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា​ នៅមុនពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោបានដាក់គោលដៅដើម្បីអនុវត្តច្បាប់ចរាចរណ៍ចាប់អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពនិងអត់ដាក់កញ្ចក់មើលក្រោយ ពេលនោះក៏មានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក​ និងអត់ពាក់មួកសុវត្ថិភាព​មកដល់ចំណុចគោលដៅ ហើយដោយឃើញសមត្ថកិច្ចដាក់គោលដៅនៅខាងមុខក៏បានជិះម៉ូតូបត់ត្រឡប់ក្រោយវិញ ស្របពេលនោះក៏មានបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ​ 3F-2575  មកពីក្រោយក្នុងល្បឿនលឿនចាប់ហ្រ្វ័ងមិនទាន់ក៏បានបួងចង្កូតមកខាងស្ដាំបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង ព្រមទាំងប៉ះទៅលើម៉ូតូរបស់ប្រជាពលរដ្ឋ ៥ទៅ៦គ្រឿងទៀត តែមិនបានខូចខាតធ្ងន់ធ្ងរនោះទេ ហើយក៏មិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះដែរ ។ 

      ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះមកដល់កន្លែងកើតហេតុ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោឱ្យចុះមកពិនិត្យតាមជំនាញ ។  ដោយមើលឃើញថារថយន្តមិនបានប៉ះពាល់ដល់សម្បត្តិរដ្ឋ ហើយក៏មិនបង្កឱ្យមានអ្នកណាម្នាក់រងរបួសនោះ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យតំណាងរថយន្តមកដោះស្រាយជាមួយម្ចាស់ម៉ូតូរបស់ប្រជាពលរដ្ឋដែលរងការខូចខាតតិចតួចនិងឱ្យតំណាងរថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

 

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖