នៅថ្ងៃទី១៨ខែឧសភានេះ ស៊ុយអែតនិងហ្វាំងឡង់បានដាក់លិខិតជាផ្លូវការសុំចូលជាសមាជិក របស់អង្គការណាតូ ។
ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg នៅថ្ងៃទី១៨ខែឧសភា បានប្រកាសឱ្យដឹងថា ហ្វាំងឡង់និងស៊ុយអែត បានដាក់ពាក្យស្នើសុំជាផ្លូវការរួចហើយ ដើម្បីក្លាយជាសមាជិករបស់ NATO នៅចំពោះមុខក្តីបារម្ភអំពី សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។
លោក Stoltenberg បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសំណើរបស់ហ្វាំងឡង់និងស៊ុយអែត ដើម្បីចូលរួមក្នុង NATO។ អ្នកទាំងពីរគឺជាដៃគូជិតស្និទ្ធបំផុតរបស់យើង»។ លោកអគ្គលេខាធិការ NATO បានប្រកាសពីដំណឹងនេះ បន្ទាប់ពីលោកបានទទួលលិខិតស្នើសុំផ្លូវការ ពីឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្រមានថា ទីក្រុងមូស្គូនឹងចាត់វិធានការឆ្លើយតប ប្រសិនបើ NATO ដាក់ពង្រាយយោធាឬហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីហ្វាំងឡង់ ឬស៊ុយអែត។ រីឯសហ
រដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO ភាគច្រើន បានគាំទ្រឱ្យប្រទេសទាំង២ចូលរួមក្នុង NATO ប៉ុន្តែតួកគីបានជំទាស់ ហើយការជំទាស់នេះអាចនឹងក្លាយជាឧបសគ្គធំសម្រាប់ហ្វាំងឡង់ និងស៊ុយអែត ព្រោះសមាជិក NATO នីមួយៗសុទ្ធតែ មានសិទ្ធិវេតូ៕ ដោយ៖ ធីរីណា
រូបថត ៖ DW
រូបថត ៖ Reuters