ខេត្តកំពត ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត រួមជាមួយ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
បានអញ្ជើញចូលរួមក្នុងពិធីនាឱកាសនេះរួមមានលោក លោកស្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា លោក ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានពាំនាំមកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ សម្តេចមិនត្រឹមតែបានសង្គ្រោះបងប្អូនប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ប៉ុណ្ណោះទេ សម្តេចថែមទាំងជួយសង្គ្រោះ បម្រើ ការពារបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ពិសេសនៅពេលថ្មីៗនេះដែលពិភពលោកជួបប្រទះនូវវិបត្តិនៃជម្ងឺកូវីដ-១៩ ក៏ដូចប្រទេសកម្ពុជាយើងផងដែរ ក៏ទទួលរងនូវការឆ្លងរាលដាលជម្ងឺដ៏កាចសាហាវនេះ ព្រមទាំងមានបងប្អូនប្រជាពលរដ្ឋយើងបានស្លាប់ដោយសារជម្ងឺនេះប្រមាណជាងបីពាន់នាក់នៅទូទាំងប្រទេស។
ប៉ុន្តែក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចបានដាក់ចេញនូវគោលការណ៍ និងបទបញ្ជាទាន់ពេលវេលា ព្រមទាំងបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រហូតយើងមានភាពស៊ាំក្នុងសហគមន៍ ទើបយើងបើកប្រទេសដំណើរការលើគ្រប់វិស័យឡើងវិញ ជាក់ស្តែងនៅពេលនេះយើងអាចជួបជុំប្រារព្ធពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ប្រកបដោយជំនឿជឿជាក់ និងមិនមានការភ័យខ្លាច ជាពិសេសក្រោមសុខសន្តិភាពដែលយើងមានពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាំមកនូវសេចក្តីសុខ ការរីកចម្រើនលើគ្រប់វិស័យ ហើយឯកឧត្តមបានសំណូមពរបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសជំរុញបន្ថែមទៀត ឲ្យបានគ្រប់ៗគ្នា ៕
ដោយ ៖ សិលា