ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹក ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន បើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៩រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០២ដូចខាងក្រោម៖

របៀបវារៈទី១៖ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យ មានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រន រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០៣រូប បានឡើងមានយោបល់ និងលើកជាសំណួរសុំការបំភ្លឺរួចមក លោក អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អមដោយ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ បានស្រាយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្ដីពីសុវត្ថិភាពម្ហូបអាហារ ។ សេចក្តីព្រាងច្បាប់នេះ នឹងបង្កើតឱ្យមានប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ដោយផ្អែកតាម មូលដ្ឋានវិទ្យាសាស្ត្រ និងការវិភាគរកហានិភ័យ ព្រមទាំងកសាងបាននូវចំណុចអាទិភាព និងការ ត្រួតពិនិត្យបំពេញបន្ថែមឱ្យគា្នប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តដោយពេញលេញនូវច្បាប់នេះ នឹងបង្កើតឱ្យមានរំហូរសេរីនៃទំនិញ សេវាកម្ម និងការវិនិយោគ ដើម្បីស្រូបយកអាជីវកម្ម អ្នកជំនាញ ទេពកោសល្យ និងរ៉ហូរនៃដើមទុនដោយសេរី។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់សារសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បី ជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាព និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានជាតិ ជាធរមាន សំដៅលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នក ប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១១ជំពូក និង ៤៣មាត្រា ត្រូវបានរដ្ឋសភា ន ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១០២សំឡេង នៃចំនួនសមាជិក រដ្ឋសភាទាំងមូលកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០៥រូប បានឡើងមានយោបល់ និងលើកជាសំណួរសុំការបំភ្លឺ រួចមក លោក អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អមដោយថ្នក់ ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម បានស្រាយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូល ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖