ព័ត៌មានទាន់ហេតុការណ៍៖

កំពុងលួចគាស់ផ្ទះម្ចាស់ផ្ទះក្រោកឃើញទាន់ស្រែកផ្អើលឆោឡោ ឃាត់ខ្លួនជនសង្ស័យបាន២នាក់

ចែករំលែក៖

ខេត្តកណ្ដាល ៖ ក្រុមជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីពួកគេលួចគាស់ផ្ទះពលរដ្ឋ កាលពីវេលាម៉ោង០១និង១០នាទីថ្ងៃទី១៨ ខែ ឧសភា​ ឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថាជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ម៉ៃ និមិត្ត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។ចំណែកជនសង្ស័យ៣នាក់ ទី១-ឈ្មោះ មហាម៉ាត់ ហ្វាអុីស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន), ទី២-ឈ្មោះ សេក វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)  រីឯទី៣-ឈ្មោះ ប៉ោយប៉ែត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ(គេចខ្លួន)។

   ប្រភព​ដដែលបន្តថា  នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះនិងក្រុមគ្រួសារកំពុងតែដេកលង់លក់នៅក្នុងផ្ទះពេលនោះស្រាប់តែក្រុមជនសង្ស័យបានធ្វេីសកម្មភាពកាត់សោរបងចូលទៅឆ្កឹះសោម៉ូតូរបស់ជនរងគ្រោះ តែឆ្កឹះមិនចេញ ភ្លាមនោះជនរងគ្រោះបានភ្ញាក់ទាន់ឃេីញជនសង្ស័យក៏បានទូរស័ព្ទប្រាប់បងប្អូនដែលនៅផ្ទះទល់មុខគ្នាឱ្យជួយដេញចាប់ជនសង្ស័យបានម្នាក់ឈ្មោះ​ មហាម៉ាត់ ហ្វាអុីស ហើយចៃដន្យកម្លាំងប៉ុស្តិ៍កំពង់សំណាញ់កំពុងល្បាតនៅក្បែរនោះ ក៏បានធ្វើការស្រាវជ្រាវដេញចាប់និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ សេក វាសនា រួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ ចំណែកឯជនសង្ស័យឈ្មោះ ប៉ោយ ប៉ែតបានរត់គេចខ្លួនបាត់។

     បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖