ភ្នំពេញ ៖ យោងតាមការវាយតម្លៃជាបឋមរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានឱ្យដឹងថា សេដ្ឋកិច្ច កម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់៥,១%នៅឆ្នាំ២០២២ និងនៅឆ្នាំ២០២៣នឹងកើនឡើងដល់ ៦.២%។ នេះជាការប្រមាណទុករបស់លោក Kenji Okamura នាយករងគ្រប់គ្រងIMF និងក្រុមការងារបេសកកម្មនៃIMFដែលបានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន។
នៅក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុកាលពីថ្ងៃទី១៦ឧសភាកន្លងទៅ លោក Kenji Okamura នាយករងគ្រប់គ្រងIMF និងក្រុមការងារបេសកកម្មនៃIMFបានមានប្រសាសន៍ថា អត្រានៃការកើនឡើងយ៉ាងឆាប់រហ័សនេះគឺ ដោយសារប្រទេសកម្ពុជា មានការងើបឡើងវិញយ៉ាង លឿននៃសកម្មភាពសង្គម- សេដ្ឋកិច្ច និងតម្រូវការពីខាងក្រៅ។លោកបានបន្តថា ទោះជាការព្យាករណ៍សេដ្ឋកិច្ចកើនឡើង បែបនេះ ក៏នៅកម្ពុជានឹងមាន ហានិភ័យ មួយចំនួនអាចនឹងប៉ះពាល់ដល់កំណើននេះរួមមាន ការកើនឡើង នៃអត្រាអតិផរណា, ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ការថមថយនៃសេដ្ឋកិច្ចចិន និងការរឹត បន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍។
លោកលោក Kenji Okamura នាយករងគ្រប់គ្រង IMF បានបន្តទៀតថា យ៉ាងណាក៏ដោយតាមការ ព្យាករណ៍ទុកសម្រាប់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ត្រូវបានវាយតម្លៃឡើងវិញថា នឹងមានកំណើនខ្ពស់រហូតដល់៦,២% ដោយសារ វិស័យទេសចរណ៍ងើបឡើងវិញយ៉ាងល្អជាងការរំពឹងទុក។
លោក អូន ព័ន្ធមុនីរ័ត្នបានថ្លែងអំណរគុណដល់IMF ដែលបានផ្ដល់ជំនួយបច្ចេកទេស, ការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈនាពេលបច្ចុប្បន្ន និងជួយតម្រង់ទិសការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។
ជាមួយគ្នានេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យក្រុមការងារនៃIMFពិនិត្យលើបញ្ហាសំខាន់ៗ ចំនួន៣ដែលនឹងត្រូវដាក់ក្នុងពេលប្រជុំខាងមុខ គឺទី១-ការកើនឡើង នៃអត្រាអតិផរណាដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ,ទី២-ការកើនឡើងយ៉ាងឆាប់រហ័សនៃឥណទាន ក្នុងវិស័យឯកជន ជាពិសេសសម្រាប់វិស័យសំណង់ និង អចលនទ្រព្យ, ទី៣-ការពិនិត្យឡើងវិញនៃ យុទ្ធសាស្ត្រប្រមូលចំណូល និងប្រភព ហិរញ្ញប្បទានសម្រាប់ដំណាក់កាលបន្ទាប់៕
ដោយ៖ សូរិយា