ព័ត៌មានទាន់ហេតុការណ៍៖

យោធាផ្កាយពីរម្នាក់បាញ់សម្លាប់ខ្លួនឯង ដោយសារតែជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ៖ មន្ដ្រីយោធាពាក់ផ្កាយពីរម្នាក់ បានសម្រេចចិត្តយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នៅចំណុចក្នុងផ្ទះលេខ១៣៩ ផ្លូវលេខ៦៥៦ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

   តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង សារ៉ាន់អាយុ៥០ឆ្នាំ មុខរបរយោធា មានតួនាទីជានាយករង នៃនាយកដ្ឋានភូមិសាស្ត្រ ទទួលបន្ទុកមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ និងមានទីលំនៅផ្ទះកើតហេតុខាងលើ។

    យោងតាមការបំភ្លឺពីឈ្មោះ អ៊ុំ សុផានី អាយុ៤២ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់ខ្លួនមានអាការៈឈឺ និងតឹងក្នុងក្បាលរយៈពេលជាង១០ថ្ងៃមកហើយ លុះនៅព្រឹកកើតហេតុប្តីរបស់គាត់នៅតែមានអាការៈឈឺក្បាល ហើយខ្លួនបានប្រាប់ឱ្យគាត់ទៅមន្ទីរពេទ្យ តែជនរងគ្រោះមិនព្រម ទើបខ្លួនបានដើរទៅទិញផ្លែឈើនៅផ្សារដើម្បីយកមកឱ្យប្ដីពិសា។

    លុះដល់ម៉ោង០៩ៈ៤៧នាទី ពេលត្រឡប់មកផ្ទះវិញហើយចូលតាមទ្វារខាងក្រោយ ដើរចូលមកក្នុងផ្ទះស្រាប់តែឃើញប្តីស្លាប់នៅលើគ្រែ ហើយនៅក្បែរខ្លួនមានកាំភ្លើងខ្លីមួយដើម។

     ដោយឡែក ឈ្មោះ ហែម ប៊ុនថន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកធ្វើការជាមួយជនរងគ្រោះបានអះអាងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីក្នុងផ្ទះតាមទ្វារខាងក្រោយមកអង្គុយលេងនៅលើបង់ក្នុងបរិវេណនាយកដ្ឋានភូមិសាស្ត្រយោធា ហើយខ្លួនក៏បានទៅអង្គុយជជែកគ្នាលេងជាមួយជនរងគ្រោះ ដោយជនរងគ្រោះបានប្រាប់ថា គាត់ឈឺក្បាលខ្លាំងណាស់ ហើយក៏បានដើរចូលទៅក្នុងផ្ទះវិញ។

បន្តិចក្រោយមកខ្លួនក៏ឮសំឡេងផាំង តែមិនចាប់អារម្មណ៍, មួយសន្ទុះក្រោយមកប្រពន្ធរបស់ជនរងគ្រោះបានមកពីក្រៅវិញ ដើរចូលផ្ទះតាមទ្វារខាងក្រោយស្រាប់តែផ្អើលឆោឡោថា ប្តីគាត់ស្លាប់បាត់ទៅហើយ។ តាមការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយត្រូវគ្រាប់កាំភ្លើង (ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង)។ ក្រោយពិនិត្យសពចប់សព្វគ្រប់ហើយ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖