ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាតាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ក្រុងតាខ្មៅ ៖ នៅល្ងាច ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ណារិនដ្រា​ ម៉ូឌី​ (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល។ 

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍លោកនាយករដ្ឋមន្ត្រីឥណ្ឌា។ សម្តេចតេជោបានប្រសាសន៍បញ្ជាក់ថា សម្តេចបានជួបលោកនាយករដ្ឋមន្ត្រីឥណ្ឌា តាំងពីខែ៦ ឆ្នាំ២០២០មក ម៉្លេះ តាមរយៈប្រព័ន្ធវីដេអូដូចគ្នា ។ សម្ដេចតេជោបានគូសបញ្ជាក់អំពីការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា តាំងពីឆ្នាំ១៩៨១។ គិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៧០ឆ្នាំហើយនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា។ ដើម្បីប្រារព្ធខួបបនៃទំនាក់ទំនងការទូតនេះ ប្រទេសទាំងពីរនឹងត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៧០ឆ្នាំនេះផងដែរ ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 

លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានពេញចិត្តចំពោះការសន្ទនាជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ។ លោកក៏បានចូលរួមរំលែកទុក្ខចំពោះសម្ដេចតេជោដែលបានបាត់បង់បងប្រុសជាទីស្រលាញ់គឺសម្ដេចឧត្តមទេពញាណ ហ៊ុនណេង កាលពីពេលថ្មីៗនេះ ។ លោកបានបញ្ជាក់ថា ឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងជាយូរលង់ណាស់មកហើយ ពិសេសប្រទេសទាំងពីរក៏មានទំនាក់ទំនងផ្នែកវប្បធម៌ផងដែរ។ លោកពិតជាមានមោទនភាពចំពោះប្រទេសឥណ្ឌា ដែលបន្តធ្វើការងារ ក៏ដូច ជាជួយប្រទេសកម្ពុជាកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះលោកនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២នេះ។ 

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណលោកនាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានចូលរួមនូវការរំលែកទុក្ខចំពោះការបាត់បង់បងប្រុសរបស់សម្ដេច ហើយសម្ដេចក៏បានគូសបញ្ជាក់ដែរថា ចំពោះគោលនយោបាយឆ្ពោះមកខាងកើតរបស់ប្រទេសឥណ្ឌានេះ វាត្រឹមត្រូវជាមួយនឹងអ្វីដែលជាគោលនយោបាយរបស់អាស៊ានផងដែរ ដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រទេសឥណ្ឌា ហើយចាត់ទុកប្រទេសឥណ្ឌា ជាដៃគូយុទ្ធសាស្ត្រសំខាន់មួយ ។ សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងការពិភាក្សានេះ អ្វីដែលសម្ដេចចង់លើក គឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ -១៩ ក្នុងន័យនេះ សម្តេចតេជោបានអបអរសាទរចំពោះឥណ្ឌាដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រប់គ្រងកូវីដ-១៩ ពីការឆ្លងច្រើនរហូត ដល់ឆ្លងតិចតួចនៅពេលនេះ ថ្វីត្បិតតែប្រទេសឥណ្ឌា មានប្រជាពលរដ្ឋច្រើន។ សម្ដេចតេជោក៏បានអរគុណប្រទេសឥណ្ឌា ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជាដែលបានទទួលកាលពីនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ចំនួន៣២ ម៉ឺន៥០០០ដូស។ សម្ដេចតេជោបានបញ្ជាក់ផងដែរថា នេះគឺជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីអ្វីដែលឥណ្ឌាចូលរួមនៅក្នុងសាមគ្គីភាព ហើយធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ ហើយនៅពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៩៣, ៦ ភាគរយ នៃចំនួនប្រជាជន ១៦លាននាក់ ដូច្នេះដោយសារការចូលរួមចំណែករបស់ប្រទេសឥណ្ឌានេះ ធ្វើឲ្យប្រទេសកម្ពុជា បានបើកប្រទេសឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១។  សម្តេចបានគូសបញ្ជាក់ដែរថា មកដល់ពេលនេះ មានរយៈពេល១១ថ្ងៃហើយ ដែលប្រទេសកម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ថ្មីៗឡើយ ។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ឥឡូវនេះ ភាគីទាំងពីរ កម្ពុជា និងឥណ្ឌា កំពុងតែស្វែងរកពេលវេលាសក្តិសមនៅក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះ មហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលគ្រោងនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ ព្រមទាំងទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជានឹងទៅទស្សនកិច្ចក្នុងឆ្នាំ២០២២ នេះ ដើម្បីចូលរួមពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងការប្រារព្ធខួបទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចតេជោក៏បានអរគុណចំពោះឥណ្ឌា ដែលបានចូលរួមផ្ដល់នៅអណ្ដូងទឹកប្រមាណជា១៥០០អណ្ដូង ក៏ដូចជាការផ្ដល់នូវសម្ភារៈផ្សេងៗទៀតដល់ប្រទេសកម្ពុជាដែលជាជំនួយឥតសំណង។ 

សម្ដេចក៏បានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ-១៩ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ ៣០០ លានដុល្លារ។ សម្ដេចតេជោក៏បានស្នើដល់ប្រទេសឥណ្ឌា ២ចំណុច ក្នុងនោះ ទី១)នៅក្នុងការជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ។ លើសពីនេះទៀត សម្ដេចក៏បានលើកឡើងអំពីវិស័យទេសចរណ៍ដែលសម្ដេចបានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ក្នុងការ ជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍មានការកើនឡើងរវាងប្រទេសទាំងពីរ ហើយជា ពិសេសទៀត ដោយសារកម្ពុជា ឥឡូវនេះ បានបើកចំហសម្រាប់ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះដោយពុំបានទាមទារឱ្យមានការធ្វើតេស្ត PCR ឬធ្វើតេស្តរហ័សពេលមកដល់ជា ដើម ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញការងារនេះ។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចតេជោ បានមានប្រសាសន៍ថា ចំពោះវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងឥណ្ឌា ដោយកម្ពុជាស្វាគមន៍ការ កំណត់យកឆ្នាំ២០២២នេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ដែលបានឯកភាពគ្នាលើកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ជា ពិសេស ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី ៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- ឥណ្ឌា កន្លងមកនេះ ហើយកម្ពុជា ទន្ទឹងរង់ចាំក្នុងការប្រារព្ធ និងអនុវត្តសកម្មភាពដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ ។ 

សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការចូល រួមវិភាគទានរបស់ឥណ្ឌាចំនួន១លានដុល្លារដល់អាស៊ាន ឆ្លើយតបជាមួយនឹងកូវីដ-១៩ ហើយកម្ពុជា ក៏សូមលើកទឹកចិត្តដល់ឥណ្ឌាឲ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាលសាធារណៈជាតិរបស់កម្ពុជា ជាពិសេសការកសាងសមត្ថភាពអ្នកជំនាញសុខា ភិបាលផងដែរ។ សម្ដេចក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលប្រទេសឥណ្ឌាបានផ្ដល់អោយកម្ពុជា តាមរយៈគម្រោងទទួលផលឆាប់រហ័សក្រោមគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌ ដូច្នេះសម្ដេចតេជោ ស្នើសុំឱ្យឥណ្ឌាបន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផលរបស់កម្ពុជាបន្ថែមទៀតដល់បណ្ដាឆ្នាំខាងមុខ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូស បញ្ជាក់អំពីការងារដែលកម្ពុជាបានធ្វើនៅក្នុងនាមជាប្រធានអាស៊ាន ជាពិសេស នៅក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយកម្ពុជា ខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាម ស៊ីវិល ហើយសម្ដេចបានគូសបញ្ជាក់ផងដែរថា សម្ដេចបានបានអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ ខែមករា ២០២២ និងបានជួបជាមួយលោក មីន អោងឡាំង២លើក តាមវីដេអូ ហើយក៏មានទស្សនកិច្ចរបស់លោកប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយបន្ទាប់មក មានកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ាដែលជាជំនួយមនុស្សធម៌។ សម្តេចតេជោ ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីឥណ្ឌា មកទស្សនកិច្ចនៅប្រទេសកម្ពុជាមុនពេល មានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬនៅពេលវេលាដែលយើងរៀបចំកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រីឥណ្ឌាមានប្រសាសន៍ថា យើងពិតជារីករាយដែលអាចជួយកម្ពុជាបាន ហើយកម្ពុជាជាប្រទេសទី១ នៅក្នុងក្របខណ្ឌនេះ ដែលទទួលបានវ៉ាក់សាំងពីប្រទេសឥណ្ឌា ហើយលោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា លោកពិតជារីករាយដែលឮថា កម្ពុជា មិនមានករណីឆ្លងកូវីដ -១៩ ក្នុងរយៈពេល១១ថ្ងៃមកនេះ។លោកក៏បានគូសបញ្ជាក់ផងដែរថា ជាសមាសភាពរបស់ឥណ្ឌា ដែលខិតខំជំរុញជួយខ្លួនឯងផង និងជួយមនុស្សក្នុងសកល លោកផងដែរ។ លោកក៏បានគូសបញ្ជាក់ផងដែរថា នៅពេលនេះ ឥណ្ឌា បានជួយផ្ដល់វ៉ាក់សាំងនេះទៅដល់ប្រមាណ១០០ ប្រទេសហើយក៏បានចូលរួមបណ្ដុះ បណ្ដាល មន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ប្រមាណជាង ២ពាន់នាក់ ជាពិសេសនៅក្នុងការបណ្ដុះបណ្ដាលគ្រប់វិស័យខុសៗគ្នា ហើយថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា នឹងផ្ដល់អាហារូបករណ៍ចំនួន១០០០ កន្លែងទៀត សម្រាប់វិស័យ IT ក្នុងការបណ្ដុះ បណ្ដាលប្រជាពលរដ្ឋមកពីប្រទេសអាស៊ាន ។ លោកក៏បានគូសបញ្ជាក់ពាក់ ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា ។ នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។ លោកបានបញ្ជាក់ថា ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។

លោកបានគូសបញ្ជាក់ថា កម្ពុជា គឺអាចបានទទួលផលប្រយោជន៍ពីគម្រោងឆាប់ រហ័ស ជាគម្រោងផង តាមរយៈអាហា រូប ករណ៍ផងដែរ ហើយកន្លងមកនេះ ឥណ្ឌា ក៏មានបេក្ខភាពក្នុងក្របខណ្ឌអន្តរជាតិជាពិសេស ក្នុងក្របខ័ណ្ឌអង្គការសហ ប្រជាជាតិហើយជាពិសេស អរគុណកម្ពុជា ដែលគាំទ្រដល់បេក្ខភាពរបស់ប្រទេសឥណ្ឌា ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅក្នុងក្របខ័ណ្ឌកំណែទម្រង់នេះ។ ចំពោះបញ្ហាអន្តរជាតិ លោកបានគូសបញ្ជាក់ថា ពិតជាមានសារៈ សំខាន់ណាស់ដែលធ្វើយ៉ាងណា គាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសឥណ្ឌា ឲ្យមានសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ។ លោក  ក៏បានគូសបញ្ជាក់ដែរថា លោកពិតជាគាំទ្រនៃតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯក ភាពផ្ទៃក្នុងរបស់អាស៊ានផង ក្នុងការដើរតួនាទីសំខាន់ ជាពិសេសទៀតលោកបានគូសបញ្ជាក់ដែរថា លោក បានព្យាយាមចូលរួមចំណែកក្នុងការសន្ទនារកដំណោះ ស្រាយរវាងអ៊ុយក្រែន និងរុស្ស៊ី ។ លោកបានគូសបញ្ជាក់ថា លោកបានជួបសន្ទនាជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែនកន្លងមកនេះ ដើម្បីធ្វើយ៉ាងម៉េចឲ្យស្ដារស្ថានភាពនេះមករកសន្តិភាពវិញ។ នៅក្នុងសមុទ្រចិនខាងត្បូង លោក ចាត់ ទុកថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រដែលមានសារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាងណាឱ្យមានសេរី បើកចំហ និងផ្អែកទៅលើច្បាប់អន្តរជាតិ។ លោកក៏បានគូសបញ្ជាក់ដែរថាលោក រំពឹងទុកថា នឹងមកទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណដល់រដ្ឋមន្ត្រីឥណ្ឌា និងស្វាគមន៍នូវចំណុចទាំងឡាយដែលលោកបានលើក។ សម្ដេចមានការជឿជាក់ថា  ឥណ្ឌា អាចដើរតួនាទីសមស្របក្នុងការ ចរចារវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី។ សម្ដេចក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៊ី-អ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ដោយសារវាមានផលប៉ះពាល់ដល់សកលលោក ជាពិសេស លើវិស័យសន្តិសុខស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់ ។

 ជាចុងក្រោយ សម្ដេចតេជោ បានគូសបញ្ជាក់ដែរថា សម្ដេចទន្ទឹងរង់ចាំក្នុងការទទួលការធ្វើទស្សនកិច្ចរបស់ឯកឧត្តម ក្នុងការចូលរួមកិច្ចប្រជុំកំពូលនៅក្នុងខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ ៕

ដោយ៖ សូរិយា


ចែករំលែក៖