បន្ទាយមានជ័យ៖ អង្គការទស្សនៈពិភពលោក បានបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ ដើម្បីពង្រឹងសុខុមាល ភាពកុមារ សម្រាប់អនុវត្ដបន្ដឆ្នាំ២០២៦ នៅខេត្ដបន្ទាយមានជ័យ ខណៈអង្គការទស្សនៈពិភព លោក អន្តរជាតិ (World Vision Intern ational) ប្រចាំខេត្តបន្ទាយមានជ័យ ចូលជួបសម្ដែងកាគួរសម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាខេត្ដ ។
ក្នុងឱកាសនោះ តំណាងអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ លទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ។ ក្នុងឆ្នាំ២០២៥ យើងបានសម្រេចនូវសមិទ្ធផលសំខាន់ៗ លើវិស័យអប់រំ សុខាភិបាល និងការការពារកុមារ តាមរយៈការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមូលដ្ឋាន។ យើងបានជួយដល់កុមាររាប់ពាន់នាក់ឱ្យទទួលបានការអប់រំប្រកបដោយគុណភាព និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដែលនេះគឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសហគមន៍ឱ្យមាននិរន្តរភាព។
លើសពីនេះ អង្គការក៏បានបង្ហាញពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ដែលផ្តោតសំខាន់លើការពង្រីកវិសាលភាពនៃការជួយសង្គ្រោះ និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់គ្រួសារក្រីក្រ ដើម្បីបង្កើនចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។
លោក អ៊ុំ រាត្រី បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការទស្សនៈពិភពលោក ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏មានសក្តានុពលរបស់រដ្ឋបាលខេត្ត។ លទ្ធផលដែលអង្គការសម្រេចបានក្នុងឆ្នាំ២០២៥ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។
រដ្ឋបាលខេត្តត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងគាំទ្រដល់ផែនការសកម្មភាព ឆ្នាំ ២០២៦ ដើម្បីធានាថាគ្រប់សកម្មភាពទាំងអស់ត្រូវបានអនុវត្តទៅដោយរលូន និងចំគោលដៅ។
លោកក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ បន្តផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអង្គការ ដើម្បីជំរុញការងារយុត្តិធម៌សង្គម និងការការពារសិទ្ធិកុមារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចពិភាក្សានេះភាគីទាំង ពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយខេត្តបន្ទាយមានជ័យ ឱ្យក្លាយជាតំបន់ដែលកុមារគ្រប់រូបរស់ នៅដោយមានសុវត្ថិភាព សុខភាពល្អ និងមានឱកាសសិក្សារៀនសូត្រពេញលេញ៕
ដោយ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច