ខេត្តកណ្ដាល៖ ជនសង្ស័យដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់បាន ធ្វើសកមផ្ទះអ្នកជិតខាង ហើយភ្លាមៗនោះសមត្ថកិច្ចបានចូលទីឃាត់ខ្លួន បែរជាមកប្រតាយប្រតប់លើសមត្ថកិច្ចវិញ ទីបំផុត ក៏ត្រូវសមត្ថកិច្ចនាំយកមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធី ។ករណីនេះបានកើតឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០និង៥០នាទីនៅចំណុចភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឃឿន ប៊ុនថន ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ។ជនសង្ស័យចំនួន០១នាក់ឈ្មោះ ខុម ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាកែវ១ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (-) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល៦ខែ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ វត្ថុតាងចាប់យក: កាំបិតផ្លែដែកចំនួន១ ។
ប្រភពដដែលបន្តថា កន្លងមកពេលណាជនសង្ស័យចង់ប្រើប្រាស់ថ្នាំញៀន ជនសង្ស័យបានទៅរកបុរសម្នាក់នៅផ្ទះក្បែរផ្ទះជនរងគ្រោះ ព្រោះធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយគ្នា ។ លុះមកដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០និង០០នាទី ជនសង្ស័យផឹកស្រាថ្នាំស្រវឹងមានអារម្មណ៍ចង់ប្រើប្រាស់ថ្នាំញៀន ក៏ជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះសំដៅទៅផ្ទះបុរសម្នាក់ដែលនៅក្បែរផ្ទះជនរងគ្រោះ លុះពេលទៅដល់ជនសង្ស័យបានស្រែកហៅឈ្មោះ ពេលនោះជនរងគ្រោះកំពុងនៅក្នុងផ្ទះឮ ក៏ស្រែកសួរថា ហ្អែងរកពីណាគេ ? ឮដូច្នេះជនសង្ស័យក៏ដើរចូលផ្ទះជនរងគ្រោះ និយាយឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយជនរងគ្រោះនិងប្អូនថ្លៃរបស់ជនរងគ្រោះឈ្មោះ ផល ចាន់ បានមួយសន្ទុះជនសង្ស័យបានចេញពីផ្ទះជនរងគ្រោះជិះម៉ូតូទៅដល់ផ្ទះវិញយកកាំបិតមួយហើយជិះម៉ូតូតែម្នាក់ឯងត្រឡប់មកដល់ផ្ទះជនរងគ្រោះវិញធ្វើសកម្មភាពកាន់កាំបិត ឈរនៅខាងក្រៅរបងមុខផ្ទះជនរងគ្រោះ ឯជនរងគ្រោះនិងឈ្មោះ ផល ចាន់ និងក្រុមគ្រួសារបាននៅខាងមុខផ្ទះ និយាយឈ្លោះប្រកែកពាក្យសម្ដីនឹងគ្នា ភ្លាមៗនោះជនសង្ស័យបានកាន់កាំបិតកាប់សំណាញ់ដែករបងផ្ទះ ហើយជនសង្ស័យបានគប់កាំបិតចូលទៅក្នុងផ្ទះជនរងគ្រោះទៅត្រូវចំទ្វារខាងក្រោមផ្ទះ និងឈរនិយាយឈ្លោះជាមួយជនរងគ្រោះ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជាអគ្គស្នងការដ្ឋានថា មានករណីហិង្សានៅចំណុចកើតហេតុ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ចំនួន ៣នាក់បានចុះអន្តរាគមន៍ដល់ទីកន្លែងកើតហេតុ និងហៅជនសង្ស័យមកធ្វើការសាកសួរ តែជនសង្ស័យនិងម្ដាយបង្កើតរបស់ជនសង្ស័យដែលមកដល់នៅទីនោះដែរមិនសហការជាមួយកម្លាំងសមត្ថកិច្ចទេ ហើយក៏មានការប្រវាយប្រតប់ជាមួយកម្លាំងសមត្ថកិច្ចទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន និងចាប់យកវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលបន្តអនុវត្តតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច