ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកមែរសឺដេស ចេញពីអគារមួយកន្លែងខ្វះការប្រុងប្រយ័ត្នត្រូវបានយុវជនម្នាក់ជិះម៉ូតូបុកពីចំហៀងផ្នែកខាងមុខពេញទំហឹងបណ្តាលឱ្យរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូគ្រាន់តែរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខអគារមួយកន្លែង តាមបណ្តោយផ្លូវលេខ៩២ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BR-5666 ចេញពីអគារមួយកន្លែងក្នុងទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវលេខ៩២ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តនេះឆ្លងមិនទាន់ដល់ពាក់កណ្ដាលផ្លូវផង ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HY-8349ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៩២ពីកើតទៅលិចចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពីចំហៀងរថយន្តផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យម៉ូតូគាបជាប់ជាមួយនឹងរថយន្តរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូគ្រាន់តែរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា។បន្ទាប់មកខាងភាគីរថយន្តបានចេញសំណងចំនួន៣០០ដុល្លារទៅឱ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖សុខាសែនជ័យ