ព័ត៌មានទាន់ហេតុការណ៍៖

សង្ខេបអត្ថន័យ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល

ចែករំលែក៖

តាមជំនឿនិងទំនៀមរបស់ខ្មែរយើងពីយូរលង់មកហើយ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​ថ្ងៃ​៤​រោច ខែ​ពិសាខ ឯ​វាល​ព្រះ​ស្រែ ឬ​វាលមេរុ ស្ថិតនៅ​ពី​ខាងជើង នៃ​ព្រះបរមរាជវាំង​សព្វថ្ងៃ នៅ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ ឆ្នាំ​ខ្លះ​គេធ្វើ​នៅតាម​ខេត្តដែរ បន្ទាប់ពីគេដឹងថាពិធីនេះមាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ ។​

​បើ​តាម​រឿង​រាម​កេរ្តិ៍ ក្នុង​ព្រហ្មញ្ញាសាសនា ស្ទើរតែ​ដើម​នៃ​រឿង ត្រង់​វគ្គ​មួយ ដែល​បាន​និយាយ​ពី​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ត្រង់​ព្រះបាទ​ជនក​ទៅ​ច្រត់ព្រះនង្គ័ល រួច​ក៏​បាន​ប្រទះ​ឃើញ​នាង​សី​តា ដែល​គេ​ផ្ញើ​នឹង​ព្រះធរណី​ក្នុង​ដី ។ ចំណែក ក្នុង​ព្រះពុទ្ធសាសនា​ឯនេះ​វិញ ក៏​បាន​និយាយ​ខ្លះៗ​ពី​ព្រះរាជ​ពិធី​នេះ​ផង​ដែរ គឺ​ត្រង់​ពេល​ដែល​ព្រះ​ពុទ្ធអង្គ​ទ្រង់​ប្រសូត​មក  ដោយ​មាន​ការអញ្ជើញ​ព្រះអង្គ​ឱ្យ​ចូលរួម​ក្នុង​ពិធី​ច្រត់នង្គ័ល​មួយ ហើយ​ពេលនោះ ព្រះអង្គ​ក៏​បាន​ពិចារណា​រឿង​គោ ដែល​បាន​នឿយហត់​ក្នុងការ​ធ្វើ​របរ​កសិកម្ម ជាពិសេស​គឺ​ភ្ជួរស្រែ ។

​យ៉ាងណាម៉ិញ សព្វថ្ងៃ យើង​ក៏​មាន​ជា​ព្រះ​បដិមា​កាន់​នង្គ័ល​មួយ​អង្គ​ផង​ដែរ ដែល​បាន​បន្សល់ទុក​តាំងពី​មុន​សម័យអង្គរ​មកម្ល៉េះ ឈ្មោះថា ព្រះ​ពល​ទេព ។​

​បើ​និយាយ​ពី​កំណត់ហេតុ របស់លោក ជីវ​តាក្វាន់​វិញ ក្នុង​អំឡុង​ពេល​លោក​មក​បេសកកម្ម​នៅ​កម្ពុជា ពី​ឆ្នាំ ១២៩៦ ដល់ ១២៩៧ លោក​ពុំ​បាន​និយាយ​អ្វី​អំពី​ពិធី​បុណ្យច្រត់ព្រះនង្គ័ល​ទេ គ្រាន់តែ​ថា ក្នុង​មួយ​ឆ្នាំ ខ្មែរ​អាច​សាបព្រោះ និង​ច្រូតស្រូវ​បាន​ពី​៣​ទៅ​៤​លើក​ប៉ុណ្ណោះ ។​

​ខាងលើនេះ អាច​ជា​ភស្តុតាង និង​ប្រវត្តិ​ត្រួសៗ ទាក់ទង​នឹង​នង្គ័ល ជាពិសេស គឺ​ប្រភព​នៃ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​បាន​បន្ត​ប្រារព្ធ​ឡើង រហូតមក​ទល់​នឹង​សព្វថ្ងៃនេះ ។

​គួររំឭកថា ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឡើង ក្នុង​គោលបំណង​សំខាន់ៗ​រួមមាន ៖

១. ប្រកាស​ប្រាប់​ទៅ​ដល់​ប្រជាកសិក​រថា រដូវ​ធ្វើស្រែ​ចំការ​បាន​មកដល់​ហើយ ។​

២. ដើម្បី​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស អំពី​ការទទួល​បាន​នូវ​ភោគផល​កសិកម្ម តាមរយៈ​ការបរិភោគ​របស់​គោ​ឧសភ​រាជ និង​បួងសួង​សុំ​ទឹកភ្លៀង ។​

៣. ជា​ការដឹងគុណ​ទៅដល់​អាទិទេព ក៏ដូចជា​មេឃ​ដែល​បាន​បង្អុរ​ភ្លៀង​ប្រើប្រាស់​រៀងរាល់ឆ្នាំ ។​

៤. ជា​ពេលវេលា​ដែល​ព្រះមហាក្សត្រ និង​ថ្នាក់​ដឹកនាំ​រដ្ឋ បាន​ជួប​សួរសុខទុក្ខ​ប្រជាកសិករ តាមរយៈប្រារព្ធពិធីមួយនេះ៕

 

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖