ភ្នំពេញ ៖ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងនៅ ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប ថា៖ ប្រទេសកម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាបដែលកំពុងកើតមាន និងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ហើយក៏ធ្វើឱ្យមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤៖
១. តំបន់វាលទំនាប៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០%។
២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី២០%។ ដោយឡែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,០០ម៉ែត្រ និងកម្ពស់ មធ្យមអតិបរមា ២,៧៥ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែលប្រែប្រួលយ៉ាងឆាប់រហ័សនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតមានឡើងជាយថាហេតុ និងរលកសមុទ្រខ្ពស់ៗ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បី ជម្រាបជូនដំណឹងដល់សាធារណជនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕
ដោយ ៖ សិលា