ប្រទេសថៃ ៖ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៨ឧសភា២០២២ រាយការណ៍ថា កម្លាំងទាហានអង្គភាពចំពោះកិច្ចទី១១១,កម្លាំងទាហានប្រាណទី១២,កម្លាំងទាហានប្រាណទី១៣ និងនគរបាលការពារព្រំដែនទី១២កងកម្លាំងបូរផា ស្កាត់ចាប់ពលករខ្មែរ៥គោលដៅផ្សេងគ្នាបានសរុប៣៣នាក់ នៅតាមបន្ទាត់ព្រំដែនខេត្តស្រះកែវ ជាប់ជាមួយខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ពេលសមត្ថកិច្ចថៃសួរនាំ ពលករខ្មែរទាំងអស់បានសារភាពថា ពួកគេលួចឆ្លងដែនតាមច្រករបៀងចូលមកប្រទេសថៃ ដើម្បីទៅធ្វើការនៅក្រុងបាងកក,ខេត្តឈុនបុរី,ខេត្តនគររាជសីម៉ា និងខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃឃុំខ្លួនបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត ។
ប្រភពថា ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសជិតខាង ភាគច្រើនមេខ្យល់បាននាំឆ្លងដែននៅពេលយប់ ហើយក្នុងម្នាក់ត្រូវបានបង់ប្រាក់ឲ្យមេខ្យល់ចាប់ពី៣.០០០បាត(ប្រាក់ថៃ)ឡើងទៅដើម្បីនាំឆ្លងដែន ។
ទោះយ៉ាងណាអ្នកសារព័ត៌មានយើងនៅមិនទាន់ទទួលបានដំណឹងពីមន្ត្រីកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយ ព្រោះមិនមានទូរស័ព្ទទំនាក់ទំនង ៕
ដោយ ៖ វណ្ណា