ខេត្តស្វាយរៀង ៖ លោក សុខ រស់ អភិបាលរង តំណាងលោក ម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្ត និងលោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និង ប្រឆាំងការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៨ ឧសភា ២០២២នេះបានអញ្ជើញជាគណ:អធិបតី សិក្ខាសាលាស្តីពី ការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក សុខ រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានឱ្យដឹងថាការប្រកបមុខរបរ ឬការរកស៊ី បច្ចុប្បន្ន ខុសពីមុន មាននិន្នាការប្រែប្រួលផ្លាស់ប្ដូរបន្តិចម្ដងៗ ចាប់ពីពេលនេះ នឹងទៅអនាគត តាមបរិយាកាសអាជីកម្ម ដែលយើងត្រូវទាមទារការយល់ដឹងកាន់តែច្បាស់អំពីច្បាប់ អំពីចំណេះដឹងដែលពាក់ព័ន្ធនិងការប្រកបអាជីវកម្ម និង ពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងមកបង្ហាញ បកស្រាយពីខ្លឹមសារច្បាប់ ដល់យើងទាំងអស់គ្នាដែលជាអ្នកចូលរួមឲ្យយល់បន្ថែមពាក់ព័ន្ធនិងច្បាប់ចំនួន៤។
ជាមួយគ្នានេះការ ធ្វើសិក្ខាសាលានេះដែរ លោកសង្ឃឹមថា អស់លោក លោកស្រីទាំងអស់ និងចូលរួមជាមតិ សួរដេញដោលយ៉ាងផុសផុល ដើម្បីបានយល់ពីខ្លឹមសារលំអិតពីច្បាប់នីមួយៗ ។
លោកសុខ រស់ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា គោលបំណងនៅក្នុងសិក្ខាសាលា ដើម្បីផ្តល់ឱកាសដល់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស នៅក្នុងខេត្តស្វាយរៀងបានយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានាដែលជាគន្លឹះជំរុញឱ្យការធ្វើអាជីវកម្មមានភាពរឹងមាំ បង្កើតបរិយាកាស អាជីវកម្មប្រកបដោយការប្រកួតប្រជែង និងមានភាពស្មោះត្រង់។
លោក បានមានប្រសាសន៍បន្តទៀតថា អង្គសិក្ខាសាលាបានផ្ដោតសំខាន់ទៅលើច្បាប់ចំនួន៤ ដូចជា ៖
១. ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
២. ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
៣. ច្បាប់ស្តីពីការប្រកួតប្រជែង
៤. ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។
លោក បានមានប្រសាសន៍ថា អាជីវករ ពាណិជ្ជករ សិស្សនិស្សិត ត្រូវយល់ដឹងអំពីច្បាប់ ស្តីពីច្បាប់នៃវិនិយោគព្រះណាចក្រកម្ពុជា ច្បាប់ការប្រកួតប្រជែង ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ស្តីពីការគ្រប់គ្រងគុណភាពសុវត្តិភាពផលិតផលទំនិញសេវាកម្ម។
លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និង ប្រឆាំងការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា នគរបាលយុត្តិធម៌ត្រូវពិនិត្យរាល់បទល្មើសដែលមានចែងក្នុងច្បាប់ ត្រួតពិនិត្យ ធ្វើការស្រាវជ្រាវ ប្រមូលទិន្នន័យ និងធ្វើការសាកសួរបុគ្គលពាក់ព័ន្ធឲ្យផ្តល់ព័ត៌មាន ឯកសារ ឬវត្ថុផ្សេងៗសម្រាប់វាយតំលៃរាល់សកម្មភាពប្រកួតប្រជែងលើទីផ្សារ និងស្វែងរករាល់បទល្មើសដែលស្ថិតក្នុងក្រោមច្បាប់នេះ។
លោកបានបញ្ជាក់បន្តទៀតថា ទណ្ឌកម្មនៅក្នុងច្បាប់រួមមាន ៖
១. ការព្រមានជាលាយលក្ខណ៍អក្សរ ២. ផាកពិន័យជាប្រាក់ ៣. ទោសវិន័យជាប្រាក់ និងដាក់ពន្ធនាគារ ៤. ការព្យួរ ការដកហូត ឬលុបចោលវិញ្ញាបនបត្របញ្ជាក់ចេញការបញ្ជី ពាណិជ្ជកម្ម អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មនិងសេវាកម្មជាដើម ៕
ដោយ៖ យឹម សុថាន