ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ អ្នកភូមិបានស្រង់សពសិស្សសាលាអនុវិទ្យល័យបានម្នាក់ ខណៈ២នាក់ទៀតកំពុងតាមរក បន្ទាប់ពួកគេបានលង់ទឹកហូរគួចយកទៅបាត់កាលពីម្សិលម៉ិញ ។
ហេតុការណ៍សិស្សសាលាអនុវិទ្យាល័យ(បាក់ចិញ្ចៀន)លង់ទឹកស្ទឹងហូរគួចទៅបាត់ចំនួន៣នាក់ក្នុងចំណោម៦នាក់ ឥឡូវរកឃើញសព១នាក់នាព្រឹកនេះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅស្ទឹងពោធិ៍សាត់ត្រង់ចំណុចស្ពានក្របៅជ្រុំ ស្ថិតនៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា សិស្សសាលាអនុវិទ្យាល័យបាក់ចិញ្ចៀនទាំងចំនួន៦នាក់ ទី១. សុង សុខលី ភេទស្រី រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី៧E, ទី២. ឈ្មោះ ហឿន ស្រីល័ក្ខ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី៨A ,ទី៣. ឈ្មោះ ហឿន ស្រីលីន ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី៨A ,ទី៤. ឈ្មោះ គឹម សុខគៀង ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី៨B ,ទី៥. ឈ្មោះ ជា ស្រីនាថ ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី៨AG និងទី៦. ឈ្មោះ ថា ស្រីមុី ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន
ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រៀនថ្នាក់ទី៧E ។
ប្រភពពីអាជ្ញាធរបន្តទៀតថា នៅពេលពួកគេចេញពីសាលារៀននាំគ្នាជិះម៉ូតូចំនួន២គ្រឿង មកចំណុចកើតហេតុក្នុងគោលបំណងងូតទឹក នៅគ្រាកំពុងងូតទឹកលេងឈ្មោះ ថា ស្រីនាថ បានបបួលទៅងូតកន្លែងគល់ឈើ១ ដែលចម្ងាយពីកន្លែងពួកគេកំពុងងូតលេងប្រមាណ៥០ម៉ែត្រ ក៏នាំគ្នាដើរទៅប៉ុន្តែទឹកជ្រៅពេក និងហូរផងនោះឈ្មោះ ថា ស្រីមុី ទៅយកដើមឬស្សីមកកាន់ឆ្លងតគ្នា ដោយឈ្មោះ ហឿន ស្រីលីន កាន់ខាងមុខ និងឈ្មោះ ហឿន ស្រីល័ក្ខ កាន់ខាងក្រោយ ចំណែក៤នាក់តោងសម្រូតគ្នាទៅមុខ ដោយទឹកហូរខ្លាំងឈ្មោះ ហឿន ស្រីលីន នៅខាងមុខ និងចេះហែលទឹកដែរនោះប្រាប់ថាកុំទៅ ពេលនោះក៏នាំតោងឬស្សីសម្រូតត្រឡប់មកវិញ ធ្វើឲ្យឈ្មោះ ហឿន ស្រីល័ក្ខ ដែលកាន់ឬស្សីខាងក្រោយ ទប់មិនឈ្នះក៏របូតឬស្សីពីដៃ បណ្ដាលឲ្យឈ្មោះ ថា ស្រីមុី.ជា ស្រីនាថ.និងគឹម សុខគៀង ទឹកហូរគួចយកទៅបាត់ ដោយឡែកៈ ឈ្មោះ សុង សុខលី ត្រូវបានឈ្មោះ ហឿន ស្រីលីន ទាញដៃតោងគល់ឈើជាប់ ឯឈ្មោះ ហឿន ស្រីល័ក្ខ ដែលកាន់ឬស្សីខាងក្រោយគេដែលទឹកហូរគួចដែរនោះ ប្រឹងហែលមកច្រាំងស្ទឹងស្រែកហៅអ្នកភូមិឲ្យជួយ ភ្លាមៗនោះអ្នកភូមិបានយកទូកមកចម្លង២នាក់ដែលតោងគល់ឈើ និងបន្តរកអ្នកទាំងនាក់នោះ ប៉ុន្តែរកពុំឃើញទេ ព្រោះទឹកជ្រៅ និងហូរខ្លាំង ។
គួររំលឹកថា រហូតដល់វេលាព្រឹកនេះ សពស្រង់បានម្នាក់ហើយ ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធ កំពុងមមាញឹកបន្តរុករក ៕
ដោយ ៖ បុឹម ពិន