ប្រទេសថៃ ៖ ជារឿងមួយដែលពិភពលោកមិនអាចធ្វើបានដូចថៃ ត្រង់ថា ៖ «នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ។ កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ប្រទេសថៃមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីចំនួន៣នាក់ ដែលការផ្លាស់ប្ដូរអំណាចដ៏ចម្លែកនិងបែបទាន់ហន់នេះ មិនត្រឹមតែបង្ហាញពីភាពមិនប្រក្រតីខាងនយោបាយប៉ុណ្ណោះទេ តែវាជាសញ្ញាច្បាស់លាស់មួយប្រាប់ពិភពលោកថា ស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសនេះកំពុងដួលរលំ។ ជាពិសេសប្រទេសមួយនេះ គ្មានក្បាលម៉ាសុឺនច្បាស់លាស់សម្រាប់ដំណោះស្រាយនយោបាយផ្ទៃក្នុងប្រទេសខ្លួនឯង និងជាមួយប្រទេសជិតខាង ឬពិភពលោក ពោរពេញទៅដោយភាពច្របូកច្របល់។
ដូចពិភពលោកមើលឃើញស្រាប់ហើយ ! នៅពេលដែលលោកស្រីនាយករដ្ឋមន្រ្តី ផែផងថាន ស៊ីណាវ៉ាត្រ ត្រូវបានព្យួរតំណែង ដោយតុលាការធម្មនុញ្ញ កាលពីថ្ងៃ ទី១ ខែកក្កដា ជុំវិញការបែកធ្លាយសារសំឡេងជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រទេសថៃបានកើតមានភាពច្របូកច្របល់និងចលាចល។ ក្នុងរយៈពេលប៉ុន្មានម៉ោងលោក Suriya Juangroongruangkit ត្រូវបានប្រញាប់ប្រញាល់ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី តែត្រូវដកចេញពីតំណែងត្រឹមតែមួយថ្ងៃក្រោយមក ហើយជំនួសដោយលោក Phumtham Wechayachai បន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្ត្រីផ្ទៃក្នុង។ សម្រាប់ប្រជាពលរដ្ឋសាមញ្ញ នេះមិនមែនជាអ្នកដឹកនាំទេ វាប្រៀបប្រដូចជាការរាំដណ្ដើមកៅអីនយោបាយអ៊ីចឹង។
នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ការផ្លាស់ប្តូរអំណាចគួរតែផ្អែកលើឆន្ទៈរបស់ប្រជាជន។ ប៉ុន្តែនៅក្នុងប្រទេសថៃ ភាពស្របច្បាប់ខាងនយោបាយជារឿយៗត្រូវបានសម្រេចដោយចៅក្រម ឬ មេទ័ព មិនមែនដោយសន្លឹកឆ្នោតនោះទេ ៕
ដោយ ៖ សិលា