ខេត្តព្រះវិហារ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងយ៉ាងរន្ធត់បង្កឡើងដោយរថយន្តដឹកឈើពេញប្រៀបតែម្តងដោយសារតែអ្នកបើកបរងងុយដេករេចង្កូតជ្រុលធ្លាក់ផ្លូវដោយខ្លួនឯងហើយបុកដើមឈើក្បែរនោះពេញទំហឹងបណ្តាលឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លងនិងអ្នករួមដំណើររងរបួសធ្លន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអគ្គស្រអែម។
ករណីរថយន្តដឹកឈើបើកបរធ្លាក់ផ្លូវបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសធ្ងន់នោះបានកើតឡើងនៅវេលាម៉ោងប្រហែល៤.០០នាទីព្រឹកថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២៤មានទិសដៅពីកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨ – ២០៩ត្រង់ចំណុចទីឈិនពណ៌ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពពីសមត្ថកិច្ចចរាចរណ៍ថា ជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះ ធី ថន ភេទ ប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិទួលកណ្ដាលឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង)។
និងម្នាក់ទៀតអ្នករួមដំណើរមានឈ្មោះ តន់ សារ៉ូ ភេទ ប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់(បាក់ភ្លៅទាំងសងខាង។
រថយន្តដឹកបទល្មើសបង្ករគ្រោះថ្នាក់នោះម៉ាក camry បាឡែនពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AB.4229ហើយបានរងការខូចខាតធ្ងន់ធ្ងរ។
ក្រោយកើតហេតុសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យឯអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យអគ្គស្រអែម។ និងវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត៕
ដោយ ៖ ជីវ័ន្ត