ខេត្តកោះកុង ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកោះកុង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានឃាត់ខ្លួនជនត្រូវចោទម្នាក់ ករណីរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់។
ជនត្រូវចោទឈ្មោះ ឆៃ គឺមធុច ភេទស្រីអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅ ភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
យោងតាមរបាយការណ៍របស់នគរបាលខេត្តកោះកុង បានឱ្យដឹងថា លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងជំនាញ ផ្នែកអនុវត្តដីកា បានចុះអនុវត្តដីការបង្គាប់ឲ្យនាំខ្លួន បានប្រតិបត្តិការឃាត់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៧៦២ ត.ព/២០២២ចុះថ្ងៃទី០៤ ឧសភា ឆ្នាំ២០២២ ចេញដោយលោក ងួន ធីរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង នៅចំណុចផ្ទះចំការ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅស្រុកថ្មបាំង ខេត្តកោះកុង ។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងខេត្តកោះកុង ៕
ដោយ៖សហការី