ខេត្តព្រះសីហនុ៖ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ដនៅខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃព្រហស្បតិ៍ទី១៩ ខែឧសភា ឆ្នាំ២០២២ បានដាក់បញ្ជាឱ្យកម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្ត។
សូមជម្រាបថា ជារៀងរាល់ពេលថ្ងៃ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ ចំណែកពេលយប់លោកស្នងការ បានចាត់ឱ្យកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានោះ កាលពីរសៀលថ្ងៃដដែលនោះ លោកវរសេនីយ៍ទោ ញេន សុខុន អធិការរង និងសហការី តំណាងអោយលោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានយកអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុរួមមាន៖ សង្ក័សីចំនួន ១៥សន្លឹក ,អង្ករ០១បាវ ស្មើ៥០គីឡូក្រាម ,ទឹកត្រី ០១យួរ, មីកំប៉ុង ចំនួន០២យួរ ប្រគល់ជូនគ្រួសារលោក ណែន ណាន់ ប្រជាពលរដ្ឋ ដែលត្រូវរងនូវគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បក់របើកដំបូលផ្ទះកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕
ដោយ៖ស តារា