. ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកសុក្រទី២០ ខែឧសភា ឆ្នាំ២០២២នេះថា៖ មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សរុបចំនួន ៥០រូប បានទទួលការបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចនៃក្រសួងបរិស្ថាន ដើម្បីពង្រឹងយន្តការ និងបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសនៃការសម្អាតប្រាក់ពាក់ព័ន្ធនឹងសំណំណុំរឿងដើមបទល្មើសធនធានធម្មជាតិ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន។
នាឱកាសនោះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកច្បាប់ និងចែករំលែកបទពិសោធលើការកសាងសំណុំរឿងជូនមន្ត្រីនគរបាលយុត្តិធម៌របស់ក្រសួងបរិស្ថាន ដើ់ម្បីពង្រឹងយន្តការប្រឆាំងនឹងការសម្អាតប្រាក់ និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ បង្កើនប្រសិទ្ធភាពក្នុងការចូលរួមប្រឆាំងនឹងបទល្មើស ប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលពន្លាតពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ ដែលមានចំណាត់ថ្នាក់ជាបទល្មើសមជ្ឈិម និងបទល្មើសឧក្រិដ្ឋដែលមានតម្រុយលើការសម្អាតប្រាក់៕
ដោយ៖ស តារា