រដ្ឋាភិបាលថៃបានប្រកាសថា រាល់សកម្មភាពកម្សាន្តនឹងដំណើរការធម្មតាវិញនៅខែមិថុនា ដោយសង្ឃឹមថា នឹងជួយដល់វិស័យទេសចរណ៍ថៃងើបឡើងវិញ និងទាក់ទាញអ្នកទេសចរបរទេសវិលត្រឡប់មកថៃដូចដើម ។
នៅថ្ងៃទី២០ខែឧសភាអ្នកនាំពាក្យ កម្លាំងប្រយុទ្ធប្រឆាំងកូវីដ-១៩ លោក Taweesin Visanuyothin បានប្រកាសថា «ទីតាំងកម្សាន្ត ក្លិប ហាងម៉ាស្សា និងទីតាំងនានាទៀតនឹងបើកទ្វារឡើងវិញចាប់ពីខែមិថុនា ។ បណ្តាក្រុមហ៊ុននឹងត្រូវគោរពទៅតាម វិធានការទប់ស្កាត់កូវីដ-១៩ ។
បុគ្គលិកធ្វើការនៅកន្លែងកម្សាន្តនានាគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ ហើយធ្វើតេស្តរាល់មួយសប្តាហ៍ម្តង។ នេះជាការបន្ថយការរិតត្បិតចុងក្រោយបង្អស់របស់រដ្ឋាភិបាល ក្រោយករណីឆ្លងកូវីដ-១៩ ថយចុះ។ នៅថ្ងៃទី១ខែមិថុនា ថៃបានស្នើឱ្យធ្វើតេស្តទៅលើអ្នកទេសចរណាដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៣៧៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៣៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន៥,៧៧៥នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤០៦,៧៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,៧១៥នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣១លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៥លានដូស ក្នុងនោះប្រជាជនជាង ៥១.៩៨លាននាក់ (៧៤.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៧.១០លាននាក់ (៣៨.៨%) បានចាក់ដូសជំរុញ៕
រូបថត ៖ Reuters
ដោយ៖ ធីរីណា(រូបថត ៖ The Thailand Life)