ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជន​បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖​ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានថ្លែង​ឱ្យ​ដឹង​នាព្រឹកថ្ងៃ២១ ខែឧសភា ឆ្នាំ២០២២នេះថា៖ «យុទ្ធនាការឃោសនាបោះឆ្នោត គឺជាសក្ខីភាពបញ្ជាក់ឱ្យយើងឃើញយ៉ាងច្បាស់នូវការប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចាក់ឫស្សយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា និងបាននាំមកនូវសិទ្ធិ សេរីភាពពេញលេញទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ សំដៅកសាងសង្គមកម្ពុជាឱ្យមានភាពសុខដុម តាមគន្លងនីតិរដ្ឋ»។ 

នាឱកាសនោះ​លោក សាយ សំអាល់ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដាក់ចេញនូវផែនការរួម និងបង្កើតគណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ។

បន្ថែមពីនេះ​ លោក​ សាយ​ សំអាល់​ បានសង្កត់ធ្ងន់ថា៖ «កន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សយើងបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ។ ដូច្នេះយុទ្ធនាការឃោសនា បោះឆ្នោតថ្ងៃនេះ គឺជាឱកាសដ៏ប្រព្រៃសម្រាប់បងប្អូនយើងជាសកម្មជន និងឃោសនិកនៅតាមមូលដ្ឋាន ក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារ ដែលយើងត្រូវបន្តអនុវត្តស្រប តាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»។

លោក សាយ សំអាល់ បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំមកនេះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖